យោងតាមផេកផ្លូវការរបស់ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះនៅរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា តាងនាមកូនស្រី នឹម វណ្ណៈ ប្រធាន អង្គការសប្បុរសធម៌កម្ពុជកុលបុត្រ លោកជំទាវ សូមថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន ស៊ុនធួន ទេសចរណ៍ ដឹកអ្នកដំណើរ ដែលបានជួយ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ផ្សេងៗ ។
ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ទាំងនេះរួមមានដូចជា៖ អង្ករ ៥តោន, មី ៥០កេះតូច, ទឹកស៊ីអ៊ីវ ៥០យួរ, ទឹកត្រី ៥០យួរ និងថវិកា ៥០០ដុល្លារ ដើម្បីចួលរួមជួយដល់ការងារសង្គម ជនក្រីក្រខ្វះខាត និងកុមាកំព្រា។
លោកជំទាវ ហ៊ុនស៊ីណាត បានបន្តថា ក្នុងនោះដែរក្រុមហ៊ុន ស៊ុន ធួន ក៏បានផ្ញើរថវិកា ចំនួន ៥០០$ តាមរយៈលោកជំទាវ ជូនដល់កាកបាទក្រហមកម្ពុជា ផងដែរ សូមជូនពរដល់ ម្ចាស់ក្រុមហ៊ុន និងសហការី ព្រមទាំងក្រុមគ្រួសារសូមឲ្យមាន សុខភាពល្អ និងបានជួបនូវពុទ្ធពរទាំងឡាយបួនប្រការគឹ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀនឃ្លាតឡើយ ។
ក្នុងនោះ លោក ជំទាវ ហ៊ុនណាត ក៏បានបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកជំទាវ មកកាន់TVFB ឲ្យដឹងថា សុខភាពរបស់លោកជំទាវ បានធូរស្រាលហើយ លោកជំទាវរំភើបណាស់ ចាប់ពីលោកជំទាវចូលវះកាត់នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ មានញាតិមកសួរសុខទុក្ខជុំវិញទាំងអស់ ហើយមកហើយកម្ពុជាវិញ ក៏មានបងប្អូនសាច់ញាតិមកសួរទុក្ខកាន់តែច្រើន រឹតតែធ្វើឲ្យលោកជំទាវ មានកម្លាំងចិត្ត កាន់តែឆាប់ជាសះស្បើយ ។
ហើយថ្ងៃនេះ លោកជំទាវមានក្តីរំភើបណាស់ដែលបានក្រុមហ៊ុន ស៊ុន ធួន មកសួរសុខទុក្ខ និងនាំយក ទ័យវត្ថុគ្រឿងឧបភោគបរិភោគ មកជួយជនក្រីក្រ ដូច្នេះលោកជំទាវ ប្រហែលជានឹងអញ្ជើញធ្វើដំណើរទៅកាន់ នួន អក ខេត្តកំពង់ស្ពឺ មុនគេ ដើម្បីយកអំណោយនេះ ចែកដល់ជនក្រីក្រខ្វះខាត និងកុមាកំព្រា នៅទីនោះ ៕