បាងកក៖ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា លោកឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា(Prayut Chan-o-cha) បានទទូចថា លោកនឹងបន្តធ្វើការជារដ្ឋមន្ត្រីការពារជាតិ បើទោះបីជាមានការអំពាវនាវកាន់តែច្រើនឡើងឱ្យលោកចុះចេញពីតំណែងក៏ដោយ។
យោងតាមប្រភពក្រសួងការពារជាតិ ឧត្តមសេនីយ៍ Prayut មិនបានចូលបម្រើការងារនៅក្រសួងទេកាលពីថ្ងៃព្រហស្បតិ៍។ ប្រភពដដែលនោះ បានអះអាងទៀតថា លោកបានធ្វើជាប្រធានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាការពារជាតិ ពីចម្ងាយ តាមរយៈវីដេអូទូរគមនាគមន៍ នៅក្នុងអ្វីដែលត្រូវគេមើលឃើញថា ជាការបន្ធូរបន្ថយសម្ពាធ ដែលកំពុងកើនឡើង មកលើគាត់ នៅក្នុងការទាមទារឲ្យចុះចេញពីតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញ ចូលរួមពីរដ្ឋលេខាធិការអចិន្ត្រៃយ៍របស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការរងកងយោធពលភូមិន្ទថៃ មេបញ្ជាការកងទ័ពជើងទឹក និង ទ័ពអាកាស ព្រមទាំងនាយទាហានជាន់ខ្ពស់ ផងដែរ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំ អ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ Kongcheep Tantrawanich បាននិយាយថា «ឧត្តមសេនីយ៍ ប្រាយុទ្ធ បានប្រាប់អ្នកចូលរួមកុំឱ្យព្រួយបារម្ភអំពីលោក ហើយថាលោកនឹងបន្តធ្វើការ ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ»។ លោកឧត្តមសេនីយ៍ កុងជៀប តានត្រាវ៉ានិច (Kongcheep Tantrawanich) បានសង្កត់ធ្ងន់ ថា «លោកឧត្ដមសេនីយ៍ Prayut អាច ឬមិនអាចវិលត្រឡប់ មកបំពេញការងារ នៅក្នុងក្រសួងការពារជាតិ វាអាស្រ័យលើការងារ»។
លោកឧត្ដមសេនីយ៍ ណារុង ផាន់ ចិតកែវថេ (Narongphan Jitkaewthae) អគ្គមេបញ្ជាការកងទ័ពថៃ បានទម្លាក់ការគាំទ្ររបស់គាត់ ទៅលើលោកឧត្តមសេនីយ៍ ប្រាយុទ្ធ (Prayut) ក្រោយពេលតុលាការធម្មនុញ្ញថៃ ដកហូតមុខតំណែងនាយករដ្ឋមន្រ្ដី ពីលោក ប្រាយុទ្ធ កាលពីថ្ងៃទី២៤ ខែសីហា។ ប៉ុន្ដែមេទ័ពកំពូលថៃ រូបនេះ នៅតែអះអាងថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ សមនឹងទទួលបាននូវការសរសើរ ចំពោះការគោរព តាមដីការបស់តុលាការធម្មនុញ្ញថៃ។
លោកឧត្ដមសេនីយ៍ ណារុង ផាន់ ចិតកែវថេ បានបញ្ជាក់ថា «លោកសូមកោតសរសើរ អំពីដំណើរការលទ្ធិប្រជាធិបតេយ្យ និង ការអនុវត្ដន៍ច្បាប់… នៅពេលស្ថាប័នតុលាការ ប្រាប់ទៅស្ថាប័ននីតិប្រតិបត្ដិ អំពីអ្វីត្រូវធ្វើ គឺស្ថាប័ននីតិប្រតិបត្ដិ បានបង្ហាញ អំពីសុច្ឆន្ទៈត្រូវអនុវត្ដ។ ដូច្នេះលោកឧត្ដមសេនីយ៍ ប្រាយុទ្ធ សមនឹងទទួលបាននូវការកោតសរសើរ ចំពោះការធ្វើជាសុភាពបុរស និង ធ្វើជាគំរូ»។
គួរបញ្ជាក់ថា លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ត្រូវបានតុលាការធម្មនុញ្ញថៃ កាលពីថ្ងៃពុធ ទី២៤ បានសម្រេច ដកហូតតំណែងនាយករដ្ឋមន្រ្ដី ហើយបច្ចុប្បន្ន លោកនៅតែរងសម្ពាធយ៉ាងធ្ងន់ ជុំវិញការទាមទារ កាន់តំណែងជារដ្ឋមន្រ្ដីក្រសួងការពារជាតិ៕
ប្រភព៖ Bangkok Post