បរទេស៖ សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា មីយ៉ាន់ម៉ាបានស្នើសុំឱ្យប្រទេសជិតខាង(ឥណ្ឌា)បញ្ជូនមន្រ្តីប៉ូលីសមួយចំនួនដែលបានឆ្លងកាត់ព្រំដែនស្វែងរកការជ្រកកោនបន្ទាប់ពីបដិសេធមិនអនុវត្តបទបញ្ជា។
គួរជម្រាបថា គិតមកដល់ថ្ងៃអាទិត្យម្សិលមិញនេះ មានរយៈពេល៥សប្តាហ៍គត់ ដែលរបបសឹកភូមាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល របស់លោកស្រីអ៊ុងសាន ស៊ូជី។ ៥សប្តាហ៍មកហើយដែរ ដែលប្រជាជនភូមានៅតែបន្តធ្វើបាតុកម្ម ប្រឆាំងរបបសឹកភូមា។ ដើម្បីឈានទៅ បិទបញ្ចប់បាតុកម្ម ដែលនៅតែមានទ្រង់ទ្រាយធំ នៅទូទាំងប្រទេស កងទ័ពភូមា បានបើកប្រតិបត្តិការ បាញ់បង្រ្កាបយ៉ាងហិង្សា ដែលបានសម្លាប់មនុស្សយ៉ាងតិច ៥៤នាក់។
ការបង្រ្កាបរបស់យោធាភូមាបានជំរុញ ឲ្យប្រជាជនភូមាកាន់តែច្រើន រត់ភៀសខ្លួន ទៅក្នុងទឹកដី ឥណ្ឌា ដែលជាប្រទេសជិតខាង។ នៅថ្ងៃ សៅរ៍ មន្រ្តីមូលដ្ឋានឥណ្ឌាបានទទួលសំបុត្រពី សមភាគីភូមា ដែលបានសុំឲ្យឥណ្ឌា ចាប់បញ្ជូនខ្លួនប៉ូលិសភូមា ដែលរត់ចោលជួរ ទៅឲ្យភូមាវិញ។
តាមមន្រ្តីមូលដ្ឋានឥណ្ឌា នៅស្រុក Mizoram ‘s Champhai ដែលជាប់ជាមួយព្រំដែន ភូមា គិតរហូតមកដល់ថ្ងៃសៅរ៍ម្សិលមិញ មានប្រជាជនភូមាប្រមាណ ៥០នាក់ បានរត់ចូលរួចហើយ ទៅក្នុងទឹកដីឥណ្ឌា ចំណែកមនុស្ស ៨៥នាក់ផ្សេងទៀត កំពុងរង់ចាំនៅ ច្រកព្រំដែនអន្តរជាតិ ដើម្បីសុំសិទ្ធិឆ្លងទៅក្នុងទឹកដីឥណ្ឌា។
តាមមន្រ្តីមូលដ្ឋានឥណ្ឌា ប្រជាជនភូមាដែលបានរត់ចូលទៅក្នុងទឹកដី ឥណ្ឌា កាលពីប៉ុន្មានថ្ងៃមុន ភាគច្រើនជាមន្រ្តីរដ្ឋការភូមា ដែលនៅក្នុងនោះ មាន៨នាក់ ជាប៉ូលិសភូមា។ កាសែតក្នុងស្រុក ឥណ្ឌាបានចុះផ្សាយថា ប៉ូលិសភូមា បាននាំប្រពន្ធនិងកូន ទៅសុំសិទ្ធិជ្រកកោននៅឥណ្ឌា បន្ទាប់ពីពួកគេ បដិសេធ មិនចូលរួម ធ្វើតាមបញ្ជា របស់កងទ័ព ក្នុងការបង្រ្កាបទៅលើបាតុករភូមា។
នៅក្រោយមានសេចក្តីរាយការណ៍ស្តីពីការរត់ចោលជួររបស់ប៉ូលិសភូមា ដែលបានរត់ភៀសខ្លួនទៅក្នុងទឹកដីឥណ្ឌា មន្រ្តីខេត្តភូមា ដែលស្ថិតនៅជាប់ព្រំដែនជាមួយ ឥណ្ឌាបានសរសេរសំបុត្រមួយច្បាប់ ទៅភាគីឥណ្ឌាដើម្បី ឲ្យឥណ្ឌាបញ្ជូនជាបន្ទាន់ ប៉ូលិសភូមា ទាំង ៨រូប ទៅភូមាវិញ។
នៅក្នុងសំបុត្រមួយច្បាប់ ដែល ទីភ្នាក់ងារព័ត៌មានបារាំង AFP បានអាន មន្រ្តីភូមាបានសរសេរយ៉ាងដូច្នេះថា ដើម្បី រក្សាទំនាក់ទំនងរវាងប្រទេសជិតខាង ភូមាសុំឲ្យឥណ្ឌាចាប់ខ្លួន ប៉ូលិស ទាំង៨នាក់ ដែលបានទៅដល់ទឹកដីឥណ្ឌា។ ឥណ្ឌា ត្រូវចាប់បញ្ជូនប៉ូលិសភូមា ទៅឲ្យភូមាវិញ។
សម្រាប់អ្នកទទួលខុសត្រូវឥណ្ឌា ប្រចាំស្រុក Mizoram ‘s Champhai គេមិនទាន់ឆ្លើយតបយ៉ាងណា ទៅនឹងការទាមទាររបស់ភូមានៅឡើយទេ។ គេនៅរង់ចាំការសម្រេចពីក្រសួងមហាផ្ទៃឥណ្ឌាដែលជាអ្នកពិចារណា សម្រេចថា តើគួរផ្តល់សិទ្ធិជ្រកកោន ដល់អ្នកដែលរត់គេចចេញពី ការគាបសង្កត់នយោបាយ នៅភូមា ឬមួយ ក៏ត្រូវចាប់បញ្ជូនចេញទៅប្រទេសដើម ទៅតាមការទាមទារចង់បានរបស់កងទ័ពភូមា។
នេះជាការសម្រេចចិត្តដ៏លំបាកមួយរបស់រដ្ឋាភិបាលឥណ្ឌា ដែលបានព្យាយាម មិនចេញមុខ ប្រកាន់ជំហរ ច្បាស់លាស់ណាមួយ សម្រាប់វិបត្តិភូមា។ គួរដឹងថា ចាប់តាំងពីមានរដ្ឋប្រហារយោធា នៅភូមា ឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យ ធំជាងគេ នៅក្នុងលោក បានតមសំដី មិនបរិហាររិះគន់ ទាល់តែសោះ រដ្ឋប្រហារយោធានៅភូមា។ នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយ អាមេរិក និងអូស្ត្រាលី នៅក្រោយរដ្ឋប្រហារយោធា ភូមា ឥណ្ឌាគ្រាន់តែអំពាវនាវឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យ និងដោះលែង ប្រមុខដឹកនាំលោកស្រីអ៊ុងសាន ស៊ូជីតែប៉ុណ្ណោះ។
នៅឆ្នាំ ១៩៨៩ នៅពេលរបបសឹកភូមាចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ក្រសួងការបរទេសឥណ្ឌាធ្លាប់ប្រកាសនៅសភាថា ឥណ្ឌា នឹងផ្តល់ហិរញ្ញវត្ថុជួយក្រុមប្រជាធិបតេយ្យភូមា ហើយនិងស្វាគមផ្តល់សិទ្ធិជ្រកកោន ដល់អ្នកនយោបាយភូមា ដែលរត់គេចពីការយាយីធ្វើបាបរបស់របបសឹក។
ប៉ុន្តែ នៅក្នុងរដ្ឋប្រហារយោធានៅភូមា លើកនេះ ឥណ្ឌា ដែលមានព្រំដែនជាង ១៦០០គីឡូម៉ែត្រ ជាមួយភូមា និងធ្លាប់មានសម្ព័ន្ធភាពយូរអង្វែងជាមួយភូមា បានប្រកាន់ជំហរខុសពី ៣០ឆ្នាំមុន។ គេឃើញមានហេតុផលសំខាន់ពីរ ដែលធ្វើឲ្យឥណ្ឌាផ្លាស់ប្តូរជំហរ។ ទី១ រដ្ឋាភិបាលឥណ្ឌាមិនបានបរិហាររិះគន់រដ្ឋប្រហារយោធាភូមា ព្រោះ ឥណ្ឌាមិនចង់ កាត់ផ្តាច់ទំនាក់ទំនងជាមួយ កងទ័ពភូមា ដែលដើរតួសំខាន់ណាស់ ក្នុងការជួយរដ្ឋាភិបាលឥណ្ឌា ដើម្បី ប្រយុទ្ធប្រឆាំងនឹងក្រុមបះបោរឥណ្ឌា ដែលប្រើទឹកដី ភូមា ដើម្បីវាយប្រហារទៅលើតំបន់ជាប់ព្រំដែនឥណ្ឌា ភូមា។
ទី ២ទៀត បើឥណ្ឌា ថ្កោលទោស ដាក់ទណ្ឌកម្មកងទ័ពភូមា គឺ ប្រៀបបាននឹងរុញច្រានកងទ័ពភូមា ឲ្យរឹតតែខិតចូលកាន់តែជិតទៅខាងទីក្រុងប៉េកាំង ដែលជាគូប្រជែងធំរបស់ឥណ្ឌា នៅក្នុងតំបន់។ សម្រាប់ ឥណ្ឌា អ្នកណា ជាអ្នកគ្រប់គ្រងភូមា មិនមែនជាបញ្ហា នោះទេ។ ឥណ្ឌានៅតែអាចធ្វើការបានជាមួយទាំងអស់ មិនថា ភូមា ដឹកនាំ ដោយ កងទ័ព ឬរដ្ឋាភិបាល ស៊ីវិលភូមានោះទេ។
ដើម្បីផលប្រយោជន៍ផ្នែកសន្តិសុខ សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយផ្ទាល់ខ្លួន ឥណ្ឌា ទំនងជាមិននឹងធ្វើនយោបាយណាមួយ ដែលនឹងអាចធ្វើឲ្យមេដឹកនាំភូមា បច្ចុប្បន្ន គឺកងទ័ពភូមា ខឹងថ្នាំងថ្នាក់ អន់ចិត្តនឹងឥណ្ឌានោះទេ។
ជោគវាសនារបស់ប៉ូលិសភូមាដែលរត់ចោលជួរ និងរត់ទៅសុំជំរកនៅឥណ្ឌា នឹងក្លាយទៅជាយ៉ាងណានោះ ក៏អាស្រ័យទៅលើជំហរនយោបាយ ការបរទេស របស់ឥណ្ឌាដែរ៕ ប្រភព៖ BBC