បាងកក៖ តុលាការក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំប្រទេសដែលត្រូវបានបណ្តេញចេញឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធភាពពាក់ព័ន្ធនឹងការក្លែងបន្លំការបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។
សេចក្តីសម្រេចបន្ថែមការជាប់ពន្ធនាគារបន្ថែមទៀត ដល់១៧ឆ្នាំ ដែលលោកស្រីកំពុងមានទោសរួចទៅហើយសម្រាប់បទល្មើសផ្សេងទៀត។ សេចក្តីសម្រេចនេះ ក៏រារាំងដល់ការរស់រានមានជីវិតរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី ស៊ូជី បន្ទាប់ពីការគំរាមកំហែងយ៉ាងច្បាស់របស់រដ្ឋាភិបាលក្នុងការរំលាយគណបក្សនេះ មុនពេលការបោះឆ្នោតថ្មី ដែលយោធាបានសន្យាថា នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៣។
គួរបញ្ជាក់ថា គណបក្សរបស់លោកស្រី ស៊ូជី បានឈ្នះការបោះឆ្នោតសកលឆ្នាំ ២០២០ ក្នុងជ័យជម្នះភ្លូកទឹកភ្លូកដី។ យោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយនិយាយថា យោធាបានធ្វើសកម្មភាព ដោយសារតែការចោទប្រកាន់ថា មានការក្លែងបន្លំអ្នកបោះឆ្នោតយ៉ាងទូលំទូលាយ។ ក្នុងនោះអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យ មិនបានរកឃើញភាពមិនប្រក្រតីអ្វីនោះទេ។
លើសពីនេះ សមាជិកជាន់ខ្ពស់ពីររូបនៃអតីតរដ្ឋាភិបាលរបស់លោកស្រី ស៊ូជី គឺជាសហមេធាវីការពារក្តីក្នុងសំណុំរឿងនេះ ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំផងដែរ៕
ប្រភព៖ AP