រាជធានីភ្នំពេញ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ចាប់ពីព្រឹកមកដល់ល្ងាចម៉ោង ១៨:00ថ្ងៃទី៩ខែមេសានេះ ស្ថានភាពចរាចរលើស្ពានព្រះមុនីវង្សថ្មីមានភាពល្អប្រសើរ មិនមានការកកស្ទះឡើយ។ លោកបន្តថា ខណៈពេលនេះ ការដ្ឋានអ៊ុតកៅស៊ូស្រទាប់ទី១លើស្ពានព្រះមុនីវង្សចាស់ បានបញ្ចប់ ១០០% ហើយការអ៊ុតកៅស៊ូស្រទាប់ទី២នឹងបន្តចាប់ពីយប់នេះរហូតដល់ព្រឹកព្រលឹមនឹងបញ្ចប់ទាំងស្រុង។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ចាប់ពីថ្ងៃស្អែកព្រឹកថ្ងៃទី១០ខែមេសា វេលាម៉ោង ៦:០០តទៅ ស្ពានព្រះមុនីវង្សចាស់ នឹងដាក់ឱ្យធ្វើចរាចរជាធម្មតាឡើងវិញ។
លោក ប្រធានមន្ទីរសូមអរគុណចំពោះការយោគយល់អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការជួសជុលស្ពានព្រះមុនីវង្សចាស់ឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៧ ខែ មករាឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះបានបញ្ចប់ការជួសជុលកម្រាលថ្មើរជើង បង្កាន់ដៃស្ពាន និងកំពុងរៀបចំផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញ ដោយដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីជំនួសវិញ។ ចំពោះមុខនេះការដ្ឋានបានដំណើរការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទចរាចរលើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្នរយៈពេល០៣ថ្ងៃ ចាប់ពីម៉ោង ០៨:០០នាទីព្រឹកថ្ងៃទី ០៨ ខែ មេសាដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១។ ផុតរយៈពេលនេះនឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ។
ក្រោយពីមានការបិទស្ពានព្រះមុនីវង្សចាស់ ដេីម្បីជួសជុលកែលម្អនេះ គេសង្កេតឃេីញមានការកកស្ទះចរាចរ ជាពិសេសនៅលេីផ្លូវជាតិលេខ១ និងផ្លូវមួយចំនួននៅតំបន់នោះ ទេីប ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យរៀបចំដាក់សាឡង់ចម្លងកោះពេជ្រ-កោះនរាក្នុងពេលនេះ ដេីម្បីកាត់បន្ថយការកកស្ទះចរាចរនៅកន្លែងស្ពានដែលត្រូវជួសជុលនោះ៕