ប៉េកាំង៖ អ្នកការទូតកំពូលរបស់ទីក្រុងប៉េកាំង បាននិយាយថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីកសាងសណ្តាប់ធ្នាប់ពិភពលោក«ក្នុងទិសដៅដ៏ត្រឹមត្រូវ និងសមហេតុផល» ដោយបានគូសបញ្ជាក់អំពីជម្រៅនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
លោក Yang Jiechi បានប្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Andrey Denisov នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនពីន (Xi Jinping) និងប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន (Vladimir Putin)«ទំនាក់ទំនងរវាងប្រទេសទាំងពីរតែងតែដើរលើផ្លូវត្រូវ ហើយភាគីទាំងពីរគាំទ្រយ៉ាងមុតមាំលើគ្នាទៅវិញទៅមក លើបញ្ហាដែលទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ពួកគេ»។
លោក Yang បាននិយាយថា «ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីរុស្ស៊ី ដើម្បីបន្តអនុវត្តកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ការពារផលប្រយោជន៍រួម និងជំរុញការអភិវឌ្ឍសណ្តាប់ធ្នាប់អន្តរជាតិក្នុងទិសដៅដ៏ត្រឹមត្រូវ និងសមហេតុផល»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេស។
ជាមួយគ្នានេះ លោក ស៊ី គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថានក្នុងសប្តាហ៍នេះ សម្រាប់ការធ្វើដំណើរលើកដំបូងរបស់លោកនៅបរទេស ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកាលពីពីរឆ្នាំមុន។ តួយ៉ាង អ៊ូសបេគីស្ថាន កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដោយផ្តល់ឱកាសឱ្យលោកស៊ីជួបលោកពូទីនដោយផ្ទាល់ជាលើកដំបូង ចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ។
គួរបញ្ជាក់ថា ប្រទេសចិន បានព្យាយាមបង្ហាញខ្លួនថាជាភាគីអព្យាក្រឹតក្នុងសង្គ្រាមរបស់រុស្ស៊ី ទោះបីជាលោកស៊ីបានប្រកាសពីភាពជាដៃគូ«គ្មានដែនកំណត់»ជាមួយលោកពូទីនប៉ុន្មានសប្តាហ៍មុនការវាយប្រហារ។ ខណៈដែលទីក្រុងប៉េកាំង មិនបានរិះគន់ចំៗអំពីសង្គ្រាមនោះ មេដឹកនាំរបស់ខ្លួនក៏បានជៀសវាងការផ្តល់ជំនួយសង្គ្រោះទណ្ឌកម្ម ឬការផ្គត់ផ្គង់យោធាដល់ប្រទេសរុស្ស៊ីផងដែរ៕
ប្រភព៖ Bloomberg