រុស្ស៊ីចោទ​អ៊ុយក្រែនថា ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ធ្លាក់​ទៅ​លើ​គែម​នៃគ្រោះ«​មហន្តរាយ​នុយក្លេអ៊ែរ»​
អន្តរជាតិ
255

មូស្គូ៖ ប្រធានសភា Duma លោក Vyacheslav Volodin បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye កំពុងបង្កើតហានិភ័យដែលមិនអាចទទួលយកបាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

ប្រធានសភារុស្ស៊ីរូបនេះ បាននិយាយថា ទីក្រុងមូស្គូ នឹងធ្វើសកម្មភាពដើម្បីការពារគ្រោះមហន្តរាយ កុំឱ្យកើតមានឡើង ខណៈ​ដែលសហរដ្ឋអាមេរិកហាក់ដូចជាមិនខ្វល់អំពីការខូចខាតដែលអាចកើតមានចំពោះអ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូអឺរ៉ុបរបស់ខ្លួន​។ លោក Volodin បាននិយាយក្នុងអំឡុង​បើកសម័យប្រជុំរដូវស្លឹកឈើជ្រុះរបស់សភា ថា«សកម្មភាព​ភេរវជន​របស់​ក្រុង​កៀវ កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ធ្លាក់​ដល់​គែម​នៃ​មហន្តរាយ​នុយក្លេអ៊ែរ។ យើងមិនអាចអនុញ្ញាតឱ្យរឿងនេះកើតឡើងបានទេ»​។

ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិក ដែលនៅឆ្ងាយពីរោងចក្រនេះ ខណៈ​សម្ព័ន្ធមិត្តណាតូរបស់ពួកគេនៅអឺរ៉ុប ឈររងទុក្ខ​ក្នុងករណីមានការលិចសាយភាយ​វិទ្យុសកម្ម»។ ក្នុងនោះ លោក Volodin បានកត់សម្គាល់ដោយបន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងសភាសហភាពអឺរ៉ុបនៅស្ងៀម ចំពោះការគំរាមកំហែង ប៉ុន្តែរដ្ឋជាច្រើនទៀតនៅជុំវិញ ពិភពលោក ចែករំលែកការព្រួយបារម្ភរបស់រុស្ស៊ី អំពីស្ថានភាពនេះ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ចាប់តាំងពីខែមីនា។ ការវាយប្រហារលើរោងចក្រនេះ​ បានចាប់ផ្តើមនៅក្នុងខែកក្កដា ដោយក្រសួងការពារជាតិរុស្ស៊ី បានចងក្រងឯកសារនៃការវាយប្រហារដោយកាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើកជាង ៣០លើក ក៏ដូចជាការប៉ុនប៉ងចំនួនពីរដោយកងកុម្មង់ដូអ៊ុយក្រែន ដើម្បីវាយលុករោងចក្រនេះ មួយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)ក្នុងខែ​នេះ។

ទោះបីជាយ៉ាងណា ទីក្រុងគៀវ បានចោទប្រកាន់ទីក្រុងមូស្គូ ពីបទបាញ់ផ្លោងដើម្បីធ្វើឱ្យអ៊ុយក្រែនមើលទៅអាក្រក់ ទោះបីជាយោធារបស់ខ្លួន​បាន​សារភាពថា បាន​កំណត់គោលដៅលើតំបន់ក៏ដោយ។

លើសពីនេះ អគ្គនាយក IAEA លោក Rafael Grossi ដែលដឹកនាំបេសកកម្មផ្ទាល់ ដើម្បីត្រួតពិនិត្យរោងចក្រនេះ បាននិយាយកាលពីថ្ងៃចន្ទថា ទាំងរុស្ស៊ី និងអ៊ុយក្រែន «ចាប់អារម្មណ៍»នៅក្នុងសំណើសម្រាប់បទឈប់បាញ់ និងតំបន់សន្តិសុខ ជុំវិញរោងចក្រ ZNPP​៕

ប្រភព៖ RT

Telegram