អន្តរជាតិ៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាយោធារុស្ស៊ី និងចិន កំពុងចូលរួមក្នុងការល្បាតរួមគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិកជាលើកទីពីរក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ នាវាទាំងនេះកំពុងចូលរួមក្នុងប្រតិបត្តិការនេះ ដែលមានបំណងគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រួតពិនិត្យផ្លូវសមុទ្រ និងការពារទ្រព្យសម្បត្តិសេដ្ឋកិច្ចដែនសមុទ្រនៃប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការល្បាតរួមគ្នាលើកទីពីរចាប់តាំងពីខែតុលាឆ្នាំ ២០២១ គឺជាផ្នែកមួយនៃកម្មវិធីនៃកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ។ កងទ័ពជើងទឹកទាំងពីរ នឹងធ្វើសមយុទ្ធយុទ្ធសាស្ត្ររួមគ្នា បង្កើតទំនាក់ទំនង និងធ្វើសមយុទ្ធជាបន្តបន្ទាប់ ចាប់ពីការបាញ់កាំភ្លើងជាក់ស្តែង រហូតដល់ការហោះហើរឧទ្ធម្ភាគចក្រ និងការចុះចត។
ទីក្រុងមូស្គូបាននិយាយថា ក្នុងសមយុទ្ធល្បាតរួមគ្នានេះ មានការចូលរួមដូចជា នាវាចម្បាំងរុស្ស៊ី ៤គ្រឿងនិងនាវាដឹកប្រេងរបស់កងទ័ពជើង រួមទាំងកងនាវាចរកងទ័ពរំដោះប្រជាជន (PLAN) បានបញ្ជូននាវាពិឃាត Nanchang នាវាចម្បាំង Yancheng និងនាវាផ្គត់ផ្គង់ Dongpinghu ដែលបានធ្វើឡើងពីសមុទ្រភាគខាងជើងប្រទេសជប៉ុន។
ក្នុងអំឡុងពេលសមយុទ្ធកាលពីក្នុងឆ្នាំ ២០២១ ក្រុមកងទ័ពជើងទឹករុស្ស៊ី-ចិន បានធ្វើដំណើរជាង ៣,១៤៨គីឡូម៉ែត្រក្នុងសមុទ្រ រួមទាំងការឆ្លងកាត់ច្រកសមុទ្រ ស៊ូហ្គារូ(Tsugaru) រវាងកោះរបស់ជប៉ុនគឺ ហុនស៊ូ (Honshu) និង ហុកកៃដូ (Hokkaido)។
គួរបញ្ជាក់ថា បេសកកម្មកងទ័ពជើងទឹករួមគ្នាបានកើតឡើងនៅលើជើងនៃ Vostok 2022 ដែលជាហ្គេមសង្គ្រាមរយៈពេលមួយសប្តាហ៍នៅក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ដែលមានការចូលរួមពីកងទ័ពជាង ៥០,០០០ នាក់ មកពី១៣ប្រទេស។ យោងតាមឧត្តមសេនីយ Vladimir Omelyanovich គោលបំណងនៃព្រឹត្តិការណ៍នេះគឺ «បង្កើតកងកម្លាំងចម្រុះ ដែលនឹងរៀបចំផែនការ និងអនុវត្តប្រតិបត្តិការយោធាពិសេស សំដៅធានាសន្តិភាព និងសន្តិសុខក្នុងតំបន់»៕
ប្រភព៖ RT