តៃវ៉ាន់ ចេញការព្រមានរលកយក្សស៊ូណាមិ ខណៈគ្រោះរញ្ជួយដីកម្រិត៦.៩ រ៉ិចទ័រ វាយប្រហារភាគ អាគ្នេយ៍នៃកោះ មនុស្សជិត២០០នាក់របួស
អន្តរជាតិ
130

តៃប៉ិ៖ ការិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ បានវាយប្រហារតំបន់ភាគអាគ្នេយ៍នៃកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យ (១៨ កញ្ញា) ដោយបានបំផ្លិចបំផ្លាញហេដ្ឋា រចនានៅក្នុងតំបន់ជាច្រើន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ការិយាល័យអាកាសធាតុបាននិយាយថា ចំណុចកណ្តាលគឺនៅក្នុងស្រុក Taitung ហើយបានបន្តការរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ កាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងតំបន់ដដែលនេះ ដែលមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ក្នុងនោះ នាយកដ្ឋានពន្លត់អគ្គីភ័យរបស់តៃវ៉ាន់ បាននិយាយថា មនុស្សម្នាក់បានស្លាប់ និង ១៤៦ នាក់បានរងរបួសដោយសារការរញ្ជួយដីនេះ។

ជាមួយគ្នានេះ រដ្ឋបាលផ្លូវដែកតៃវ៉ាន់បាននិយាយថា ទូរថភ្លើងចំនួន៦បានក្រឡាប់ចេញពីផ្លូវរថភ្លើងនៅស្ថានីយ៍ Dongli ភាគខាងកើតកោះតៃវ៉ាន់ ប៉ុន្តែនាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា មិនមានអ្នករងរបួសនោះទេ។

នាយកដ្ឋានបាននិយាយថា មនុស្សជាង៦០០នាក់កំពុងជាប់នៅលើតំបន់ភ្នំដ៏ស្រស់ស្អាត Chike និង Liushishi ដោយផ្លូវបិទ ទោះបីជាមិនមានអ្នករងរបួសក៏ដោយ ហើយអ្នកជួយសង្គ្រោះកំពុងធ្វើការដើម្បីបើកផ្លូវឡើងវិញ។

លើសពីនេះ ទីភ្នាក់ងារឧតុនិយមជប៉ុន ក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិផងដែរ សម្រាប់កោះ Miyako នៅក្នុងសមុទ្រចិនខាងកើត បន្ទាប់ពីគ្រោះរញ្ជួយដីជម្រៅ ១០ គីឡូម៉ែត្រដែលបានវាយប្រហារស្រុក Yujing របស់ តៃវ៉ាន់៕

ប្រភព៖  Channel News Asia

Telegram