ខេត្តព្រះសីហនុ ៖ យោង អនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ចេញនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ស្តីពីវិធានការចត្តាឡឺស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមការចាំបាច់របស់ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្នអាជីវកម្មសណ្ឋាគារស៊ីនយីនថៃ នៅវិថីឯករាជ្យ (ផ្លូវលេខ១០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡឺស័ក ។
លិខិតដដែលនេះ បានបន្តឲ្យដឹងទៀតថា ៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីភ្ញៀវដែលស្នាក់នៅសណ្ឋាគារ ស៊ីនយីនថៃ ហើយជាលទ្ធផលតេស្តមាន វិជ្ជមានកូវីដ-១៩ ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍ តម្រូវឲ្យលោក FENG JIA ម្ចាស់សណ្ឋាគារ ផ្អាកជាបណ្តោះអាសន្នអាជីវកម្មសណ្ឋាគារ ស៊ីនយីនថៃ ជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូលទៅស្នាក់នៅ ហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារចេញ -ចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ។
ក្រុមការងាររដ្ឋបាលខេត្តនឹងរៀបចំទីតាំងនេះជា មណ្ឌលចត្តាឡឺស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកដែលបម្រើការនៅក្នុងសណ្ឋាគារ ស៊ីនយីនថៃ មកធ្វើតេស្ត កូវីដ-១៩ ។
ចង់ជ្រាបច្បាស់ សូមអានលិខិតទាំងស្រុងខាងក្រោមនេះ ៖