នាវាចម្បាំងអាមេរិក និងកាណាដា បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីលោកបៃដិន ប្តេជ្ញាការពារកោះតៃវ៉ាន់
អន្តរជាតិ
235

អន្តរជាតិ៖ នាវាចម្បាំងអាមេរិក និងកាណាដា បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្គារ បន្ទាប់ពីសុន្ទរកថាចុងសប្តាហ៍ពីប្រធានាធិបតី ចូ បៃដិន ថា សហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ ក្នុងករណីដែលកោះនេះត្រូវបានវាយប្រហារដោយប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក លោក ម៉ាក ឡាងហ្វដ (Mark Langford) អ្នកនាំពាក្យ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជូននាវាពិឃាដ ប្រភេទ USS Higgins បំពាក់មីស៊ីលនាំផ្លូវ ប្រភេទ Burke-class និង នាវាចម្បាំងរបស់កាណាដា ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។

 ​អ្នកនាំពាក្យកងទ័ពជើងអាមេរិករូបនេះ បានបន្ថែមថា ការធ្វើដំណើរឆ្លងកាត់នេះ «បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់យើងចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ​

ការឆ្លងកាត់កាលពីថ្ងៃអង្គារ គឺជាលើកទីពីរក្នុងរយៈពេលត្រឹមតែជាង៣ សប្តាហ៍ដែលនាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើការធ្វើដំណើរ ដែលក្នុងនោះ មាន នាវា ​ដឹកមីស៊ីល USS Antietam និង នាវា USS Chancellorsville បាន​ធ្វើដំណើរដូចគ្នា​នៅ​ថ្ងៃ​ទី ២៨ ខែ​សីហា​។

ជាមួយគ្នានេះ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់នៅដើមខែសីហាមក សហរដ្ឋអាមេរិក បានឃើញការកើនឡើងយ៉ាងខ្លាំងនៃចំនួននាវា និងនាវាមុជទឹករបស់យោធាចិននៅជុំវិញ​កោះតៃវ៉ាន់ នេះបើតាមមន្ត្រីការពារជាតិអាមេរិកបានប្រាប់ CNN ។

ទោះបីជាសហរដ្ឋអាមេរិកបានហៅការឆ្លងកាត់នេះថាជា«ទម្លាប់ក៏ដោយ», នេះបានកើតឡើងបន្ទាប់ពីលោក បៃដិន បានបន្ថែមប្រេងដល់ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ជុំវិញកោះតៃវ៉ាន់ ដោយប្រាប់ក្នុងកម្មវិធី«60 នាទី»របស់សារព័ត៌មាន​CBS ថា លោក​នឹងប្រើទាហានអាមេរិកដើម្បីការពារកោះនេះ ប្រសិនបើចិនព្យាយាមឈ្លានពាន ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ ដែលជាកោះដែលមានប្រជាជនចំនួន២៣លាននាក់ បើទោះបីជាបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិនមិនដែលគ្រប់គ្រង​កោះនេះក៏ដោយ។ ទីក្រុងប៉េកាំងក៏បានទាមទារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើដែនទឹកនៃច្រកសមុទ្រតៃវ៉ាន់ ក្រោមច្បាប់របស់ចិន និងការបកស្រាយរបស់ខ្លួននៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

ទោះជាយ៉ាងណាក៏ដោយ កងទ័ពជើងទឹកសហរដ្ឋអាមេរិកនិយាយថា ច្រកសមុទ្រភាគច្រើនស្ថិតនៅក្នុងដែនទឹកអន្តរជាតិ ដោយលើកឡើងពីនិយមន័យ UNCLOS នៃដែនទឹកថាលាតសន្ធឹង​ ២២​គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ប្រទេសមួយ។ សហរដ្ឋអាមេរិកតែងតែបញ្ជូននាវាចម្បាំងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រ ដោយធ្វើឱ្យមានការឆ្លងកាត់បែបនេះរាប់សិបក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕

ប្រភព៖ CNN

Telegram