ប៉េកាំង៖ យោងតាមទូរទស្សន៍រដ្ឋបានឱ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានទៅទស្សនាការតាំងពិពណ៌មួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ នៅក្នុងការបង្ហាញខ្លួន ជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីការវិលត្រឡប់ទៅកាន់ប្រទេសចិន ពីដំណើរទស្សនកិច្ចផ្លូវការទៅកាន់អាស៊ីកណ្តាល កាលពីពាក់កណ្តាលខែកញ្ញា ក្រោយមាន ពាក្យចចាមអារ៉ាមជាច្រើន ដែលថាលោក កំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
លោក ស៊ី បានអវត្តមានពីក្រសែភ្នែកសាធារណៈ ចាប់តាំងពីលោកបានវិលត្រឡប់មកប្រទេសចិនវិញ ពីកិច្ចប្រជុំកំពូលនៅ អូប៉េគីស្ថាន (Uzbekistan)ដោយបានជំរុញឱ្យមានការសង្ស័យ នៃការធ្វើរដ្ឋប្រហារយោធា នៅក្នុងទីក្រុងប៉េកាំង។
ទោះបីជាមាន សេដ្ឋកិច្ច ចុះខ្សោយ ដោយសារ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការតវ៉ាជាសាធារណៈដ៏កម្រ ក៏ដូចជាការកើនឡើងនៃជម្លោះជាមួយប្រទេសលោកខាងលិច និង ភាពតានតឹងលើកោះតៃវ៉ាន់ ក៏ដោយ ក៏លោក ស៊ី មានជំហរក្នុងការទទួលបានអំណាចអាណត្តិទីបី ដើម្បីបន្តចក្ខុវិស័យដ៏ធំរបស់លោក សម្រាប់ «ការធ្វើឱ្យប្រជាជនចិន មានភាពរស់ឡើងវិញ សម្រាប់ឆ្នាំខាងមុខ»។
ការឡើងកាន់តំណែងរបស់មេដឹកនាំវ័យ៦៩ឆ្នាំរូបនេះ ទំនងជាមានអាណត្តិ៥ឆ្នាំទីបី និងអាចលើសពីនេះទៀត ត្រូវបានកំណត់នៅក្នុងឆ្នាំ ២០១៨ ខណៈដែលលោកបាន លុបចោលដែនកំណត់នៃអាណត្តិពីរ សម្រាប់តំណែងប្រធានាធិបតី។ ការកាន់អំណាចរយៈពេលមួយទសវត្សរ៍របស់លោក ស៊ី បានឃើញអំពីការបង្រ្កាបអំពើពុករលួយនៅក្នុងបក្ស ទោះបីជាអ្នកសង្កេតការណ៍បាននិយាយថា ពួកគេបានបម្រើដើម្បីកម្ចាត់គូប្រជែងនយោបាយ , សកម្មភាពជាបន្តបន្ទាប់ដើម្បីកម្ទេច ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងហុងកុង និង ការបិទខ្ទប់ យ៉ាងតឹងរ៉ឹង លើទីក្រុងនានា ដើម្បី ទប់ស្កាត់ការរីករាលដាលជាដើម។
លោក ស៊ី ក៏បានប្រឈមមុខនឹងការរិះគន់សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ ចំពោះ គោលនយោបាយគាបសង្កត់ នៅក្នុងតំបន់ ស៊ីនជាំង (Xinjiang) ភាគពាយ័ព្យ ដែលត្រូវបានគេប៉ាន់ស្មានថាមាន ជនជាតិអ៊ុយហ្គួរ (Uighurs) និងជនជាតិភាគតិចមូស្លីមចំនួនមួយលាននាក់ផ្សេងទៀត ត្រូវបានឃុំខ្លួននៅក្នុងការបង្រ្កាបដ៏ច្រើនសន្ធឹកសន្ធាប់ដែលសំដៅទៅលើ«អំពើភេរវកម្ម»។
គួរបញ្ជាក់ថា មុននៃកិច្ចប្រជុំរបស់បក្សកុម្មុយនិស្តចិន (CCP) ម្តងក្នុងរយៈពេលប្រាំឆ្នាំ នៅថ្ងៃទី១៦ខែតុលា ក្នុងអំឡុងពេលដែលលោក ស៊ី ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងទទួលបានអាណត្តិទី៣ របស់លោក ជាមេដឹកនាំ ការបោសសំអាតមន្ត្រីជាន់ខ្ពស់ ក៏ត្រូវបានធ្វើឡើងផងដែរ ដោយ អតីតអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក Sun Lijun ,អតីតរដ្ឋមន្ត្រីយុត្តិធម៌ លោក Fu Zhenghua និងអតីតមេប៉ូលីសនៃទីក្រុង សៀងហៃ, ឆុងជីង,និងសានស៊ី ត្រូវបានចាប់ខ្លួនពីបទពុករលួយ។ ការចាប់ខ្លួន នេះ គឺជាការបោសសម្អាតនយោបាយដ៏ធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំផងដែរ។
លើសពីទៅទៀត កាល ពី ថ្ងៃ អាទិត្យ ប្រព័ន្ធ ផ្សព្វផ្សាយ រដ្ឋ បាន ប្រកាស បញ្ជី នៃ គណៈប្រតិភូ គណៈកម្មាធិការ កណ្តាល CCP ចំនួន ២.៣០០ នាក់។ ដែលក្នុងនោះឈ្មោះរបស់លោក ស៊ី ក៏ស្ថិតនៅក្នុងបញ្ជីផងដែរនេះ ៕
ប្រភព៖ Al Jazeera