អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថារបបយោធាមីយ៉ាន់ម៉ា បានបដិសេធនៅថ្ងៃសុក្រទី ៩ ខែមេសា មិនអនុញ្ញាតឱ្យប្រេសិតរបស់អង្គការសហប្រជាជាតិធ្វើទស្សនកិច្ចនៅប្រទេសនេះឡើយ ទោះបីមានការខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីរកដំណោះស្រាយការទូត ចំពោះវិបត្តិក្រោយរដ្ឋប្រហារក៏ដោយ។
លោកស្រី Christine Schraner Burgener ប្រេសិតពិសេស អង្គការសហប្រជាជាតិសម្រាប់ប្រទេស មីយ៉ាន់ម៉ា កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសអាស៊ី ជាមួយគោលបំណងស្វែងរកផ្លូវចាកចេញពីភាពវឹកវរដែលកំពុងកើតឡើងនៅជិតខាងប្រទេសថៃ។
លោកស្រី Schraner Burgener បាននិយាយនៅលើគណនី Twitter ផ្លូវការរបស់លោកស្រីថា «ខ្ញុំទើបតែមកដល់ទីក្រុងបាងកក សម្រាប់កិច្ចពិភាក្សា។ ខ្ញុំសោកស្តាយណាស់ ដែលយោធាមីយ៉ាន់ម៉ាឆ្លើយតបមកខ្ញុំកាលពីម្សិលមិញថា ពួកគេមិនបានត្រៀមខ្លួនទទួលខ្ញុំទេ។ ខ្ញុំបានត្រៀមខ្លួនសម្រាប់កិច្ចសន្ទនា។ អំពើហិង្សា នឹងមិននាំឲ្យមានដំណោះស្រាយប្រកបដោយចីរភាពនោះទេ»។
ការបដិសេធនេះបានកើតឡើង ចំពេលមាន ការព្រួយបារម្ភជាអន្តរជាតិកាន់តែខ្លាំងឡើង នៅក្នុងព្រឹត្តិការណ៍នានា ក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី និងបានកាន់អំណាចកាលពីថ្ងៃទី ១ ខែកុម្ភៈ។
មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា លោកស្រី Schraner Burgener ចង់ធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាសម្រាប់ការប្រជុំផ្ទាល់ជាមួយឧត្តមសេនីយ៍ ប៉ុន្តែអ្នកនាំពាក្យរបបយោធាបានបដិសេធ។
អ្នកនាំពាក្យលោក Zaw Min Tun បានប្រាប់ AFP ថា៖ «យើងមិនបានអនុញ្ញាតរឿងនេះទេ ហើយយើងក៏មិនមានផែនការអនុញ្ញាតវាដែរនៅពេលនេះ»។
គួរបញ្ជាក់ថា យ៉ាងហោចណាស់ មានជនស៊ីវិល ៦១៤នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបរបស់យោធាទៅលើការតវ៉ា និ ងជិត ៣.០០០ នាក់ត្រូវបានចាប់ខ្លួន នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយដែលជាក្រុមឃ្លាំមើលក្នុងតំបន់៕ ប្រភព៖ Channel News Asia