​សហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតទំនើបបន្ថែមទៀតដល់អ៊ុយក្រែន ខណៈទីក្រុងគៀវកំពុងដណ្តើមបានទឹកដីវិញបន្ថែមទៀត
អន្តរជាតិ
226

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតទំនើបចំនួន ៤ បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ ​ក្នុងការជួយដល់កម្លាំងយោធារបស់ប្រទេសនេះ ដែលទទួលបានសន្ទុះក្នុងសង្គ្រាមជាមួយរុស្ស៊ី។ ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ ដែលត្រូវបានគេស្គាល់ថា HIMARS នឹងជាផ្នែកមួយនៃកញ្ចប់ជំនួយថ្មីចំនួន ៦២៥​ លានដុល្លារ ដែលរំពឹងថានឹងប្រកាសនៅថ្ងៃអង្គារ នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

ការសម្រេចចិត្តនេះគឺជាលើកទីមួយហើយដែលសហរដ្ឋអាមេរិក បានបញ្ជូន HIMARS បន្ថែមទៀតទៅកាន់អ៊ុយក្រែន ចាប់តាំងពីចុងខែកក្កដា ហើយវានឹងធ្វើឱ្យចំនួនសរុបដែលបានបញ្ជូនមកទល់ពេលនេះដល់ទៅ២០គ្រឿង។ ប្រព័ន្ធទាំងនេះបានក្លាយជាឧបករណ៍សំខាន់នៅក្នុងសមត្ថភាពរបស់ប្រទេសអ៊ុយក្រែន ក្នុងការវាយលុកស្ពានដែលរុស្ស៊ីធ្លាប់ផ្គត់ផ្គង់​កងទ័ពរបស់ខ្លួន ដែលអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែន ធ្វើផ្លូវចូលក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី។

សហរដ្ឋអាមេរិកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក៏បានផ្តល់មូលនិធិតាមរយៈកម្មវិធីដាច់ដោយឡែកមួយ - គំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន - ដូច្នេះ HIMARS ចំនួន១៨​ ផ្សេងទៀតអាចត្រូវបានទិញតាមរយៈកិច្ចសន្យារយៈពេលវែង។ មូលនិធិ USAI កំពុងត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីធានាថា កងកម្លាំងរបស់អ៊ុយក្រែន ត្រូវបានបណ្តុះបណ្តាល និងបំពាក់ ដើម្បីការពារប្រទេសរបស់ពួកគេនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ប៉ុន្តែ​កិច្ចសន្យា​ទាំង​នោះ​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​បំពេញ។

កញ្ចប់ជំនួយចុងក្រោយគេ ក៏ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលគ្រាប់រំសេវ និងឧបករណ៍ផ្សេងទៀត សម្រាប់កងទ័ពអ៊ុយក្រែនផងដែរ។ ​នេះ​ជា​ជំនួយ​ដំបូង​បង្អស់​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្តល់​ជូន​ក្នុង​ឆ្នាំ​សារពើពន្ធ​ថ្មី​ដែល​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ១ខែ​តុលា។

គួរបញ្ជាក់ថា អ៊ុយក្រែន បាន​បើកការវាយលុករបស់ខ្លួននៅក្នុងតំបន់ Kherson ចាប់តាំងពីរដូវក្តៅមក ដោយបានវាយលុកខ្សែផ្គត់ផ្គង់របស់រុស្ស៊ីដោយឥតឈប់ឈរ និងបំផ្លាញ​ផ្លូវចូលទៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងលិចនៃទន្លេ Dnieper​។ កងទ័ពអ៊ុយក្រែន បាននិងកំពុងប្រើប្រាស់ HIMARS ដើម្បីវាយប្រហារម្តងហើយម្តងទៀតលើស្ពានមេឆ្លងកាត់ទន្លេ​ Dnieper និងទំនប់ដែលបម្រើការជាស្ពានឆ្លងកាត់ទីពីរ ដែលរុស្ស៊ីបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់កងទ័ពរបស់ខ្លួន។

ជោគជ័យសមរភូមិរបស់អ៊ុយក្រែន នៅ Kherson គឺគួរឱ្យកត់សម្គាល់ព្រោះថា នោះគឺជាតំបន់មួយក្នុងចំណោមតំបន់ទាំងបួន ដែលរុស្ស៊ីកំពុងស្ថិតក្នុងដំណើរការបញ្ចូលជាឧបសម្ព័ន្ធ៕

ប្រភព៖ AP

Telegram