សង្គ្រាមអ៊ុយក្រែន៖ លោក បៃដិន ​និយាយ​ថា លោក ពូទីន មិន​និយាយ​លេង​ទេ​អំពី​ការ​ប្រើអាវុធ​​នុយក្លេអ៊ែរ
អន្តរជាតិ
293

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានព្រមានថា ហានិភ័យនៃ «អាវុធនុយក្លេអ៊ែរ» គឺមានកម្រិតខ្ពស់បំផុត ចាប់តាំងពីវិបត្តិមីស៊ីលគុយបាក្នុងឆ្នាំ១៩៦២ ខណៈដែលទីក្រុងមូស្គូ និយាយដោយបើកចំហ អំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ក្នុងការឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

លោក បៃដិន បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន «មិននិយាយលេងទេ» នៅពេលគាត់និយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ បន្ទាប់ពីទទួលរងនូវវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ លោក​​បៃដិន បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក ​កំពុង​តែ​ព្យាយាម​ស្វែង​រក​ផ្លូវ​របស់​លោក ពូទីន ចេញ​ពី​សង្រ្គាម។

កន្លងមក សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ធ្លាប់បាននិយាយថា ការវាយប្រហារនុយក្លេអ៊ែររបស់លោក ពូទីន គួរតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ អស់ជាច្រើនខែមកនេះ មន្ត្រីអាមេរិកបានព្រមានថា រុស្ស៊ីអាចងាកទៅរកការប្រើប្រាស់អាវុធប្រល័យលោក ប្រសិនបើខ្លួនទទួលរងការបរាជ័យនៅលើសមរភូមិ។ យ៉ាងណាក៏ដោយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan កាលពីសប្តាហ៍មុន បាននិយាយថា ទោះបីជាទីក្រុងមូស្គូ មានការណែនាំអំពីនុយក្លេអ៊ែរ ក៏ដោយ ក៏សហរដ្ឋអាមេរិក មិនបានឃើញសញ្ញាណាមួយ ដែលបង្ហាញថា រុស្ស៊ីកំពុងត្រៀមប្រើប្រាស់អាវុធនុយក្លេអ៊ែ ក្នុងពេលឆាប់ៗនេះដែរ។

​លោកប្រធានាធិបតី បៃដិន បាននិយាយថា មូលហេតុដែលមេដឹកនាំរុស្ស៊ីមិននិយាយលេងសើច នៅពេលដែលគាត់និយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ ឬគីមី - «ដោយសារតែយោធារបស់គាត់ អ្នកអាចនិយាយបានថា ដំណើរការមិនសូវល្អ»។ លោក បៃដិន បានប្រាប់អ្នកប្រជាធិបតេយ្យថា «ជាលើកដំបូងចាប់តាំងពីវិបត្តិមីស៊ីល​គុយបា ពួកយើងមានការគំរាមកំហែងដោយផ្ទាល់ ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើការពិតនៅតែបន្តដើរលើផ្លូវដែលពួកគេនឹងទៅ»។ កក្រើកនៅអឺរ៉ុបខាងកើត។ «យើង​មិន​បាន​ប្រឈម​មុខ​ នឹង​ការ​រំពឹង​ទុក​នៃ​សង្គ្រាម​ហាម៉ាគេដូន​ទេ ចាប់​តាំង​ពី​ប្រធានាធិបតី​អាមេរិក John F.​ Kennedy»។

ជាមួយគ្នានេះ អ៊ុយក្រែន​ បាន​និង​កំពុង​ដណ្ដើម​យក​ទឹកដី​ដែល​រុស្ស៊ី​កាន់កាប់​វិញ​ក្នុង​នោះ​រួម​ទាំង​តំបន់​ទាំង​បួន​ដែល​រុស្ស៊ី​បាន​បញ្ចូល​ដោយ​ខុស​ច្បាប់​កាល​ពី​ពេល​ថ្មីៗ​នេះផងដែរ។ ​

យ៉ាងណាក៏ដោយ មន្ត្រីអាមេរិក បានចង្អុលបង្ហាញម្តងហើយម្តងទៀត អំពីលទ្ធភាពនៃការវាយប្រហារបរមាណូពេញមួយសង្រ្គាម ក៏ដូចជាការប្រើប្រាស់អាវុធជីវសាស្ត្រ ឬគីមី។ ទោះបីជាទីក្រុងមូស្គូមិនបានបង្ហាញសញ្ញាថា ខ្លួនមានបំណងដាក់ពង្រាយសព្វាវុធបែបនេះក៏ដោយ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថានាពេលថ្មីៗនេះថា ប្រទេសរបស់លោកមាន«មធ្យោបាយនៃការបំផ្លិចបំផ្លាញ» ហើយថាលោកនឹងមិនស្ទាក់ស្ទើរក្នុងការប្រើអាវុធទាំងនោះ ដើម្បីការពារទឹកដីរុស្ស៊ីឡើយ។ លោក​បាន ​បន្ថែម​ថា​៖ «​វា​មិន​មែន​ជា​ការ​និយាយ​កុហក​នោះទេ»។

គួរបញ្ជាក់ថា វិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ បានផ្ទុះឡើង បន្ទាប់ពីសហភាពសូវៀត បានដាក់ទីតាំងអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសគុយបា ជាការសងសឹកចំពោះទង្វើស្រដៀងគ្នារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងប្រទេសទួរគី​៕​

ប្រភព៖ BBC

Telegram