ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ជិះម៉ូតូទាក់ដៃចង្កូតគ្នាជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលត្រូវបានរថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាសគ្នា ចាប់ហ្វ្រាំងមិនទាន់ កិនស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង៦ និង៥៥នាទីព្រលប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ២១ ក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យុដឹងថាជនរងគ្រោះដែលត្រូវរថយន្តកិនស្លាប់នេះមានឈ្មោះ អូន ចាន់ថា ភេទស្រី អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ត កណ្ដាល បានជិះម៉ូតូម៉ាក Zoomer ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខ កណ្ដាល 1AE-5917 ក្នុងទិសដៅពីតាខ្មៅទៅជ្រៃធំ ។ លុះមកដល់កន្លែងកើតហេតុ ក៏បានប៉ះជាមួយដៃចង្កូតម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាក ហើយដួលខ្ទាតចូលក្រោមកង់រថយន្ដមួយគ្រឿងទៀត ដែលបើកបញ្ច្រាសគ្នាចាប់ហ្វ្រាំងមិនទាន់ កិនស្ត្រីរងគ្រោះស្លាប់ភ្លាមៗមួយរំពេច ។ចំណែករថយន្តនិងម៉ូតូ ទាំង២គ្រឿងនោះ បានបើកចេញទៅបាត់ សល់តែសាកសពជនរងគ្រោះ និងម៉ូតូរបស់គាត់តែប៉ុណ្ណោះ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង យកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីស្រាវជ្រាវរករថយន្តខាងលើ មកដោះស្រាយគ្នាតាមច្បាប់ និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕