មីយ៉ាន់ម៉ា៖ តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បានកាត់ទោស លោកស្រី អ៊ុងសាន ស៊ូជី ដែលជាអតីតមេដឹកនាំ និងជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពរបស់ប្រទេសនេះ ឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំបន្ថែមទៀត ពីបទពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
សាលក្រមកាលពីថ្ងៃពុធ គឺជាសាលក្រមចុងក្រោយបង្អស់ក្នុងការដាក់ទោស ប្រឆាំងនឹងស្រ្តីវ័យ៧៧ឆ្នាំ ដែលជាឥស្សរជននៃការប្រឆាំងទៅនឹងការគ្រប់គ្រងដោយយោធាជាច្រើនទសវត្សរ៍ ដែលបានដឹកនាំប្រទេសមីយ៉ាន់ម៉ា អស់រយៈពេល៥ឆ្នាំ មុនពេលត្រូវបានបង្ខំឱ្យចេញពីអំណាចក្នុងរដ្ឋប្រហារនៅដើមឆ្នាំ ២០២១ ។
យោងតាមប្រភពបានឱ្យដឹងថា លោកស្រី ស៊ូជី ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទទទួលសំណូកចំនួន ៥០០,០០០ ដុល្លារពីមហាសេដ្ឋីក្នុងស្រុក ដែលជាការចោទប្រកាន់ដែលលោកស្រីបានបដិសេធ។ មេធាវីរបស់លោកស្រី បាននិយាយថាឧក្រិដ្ឋកម្មជាបន្តបន្ទាប់ប្រឆាំងនឹងលោកស្រី គឺមានហេតុផលនយោបាយ។
បច្ចុប្បន្នលោកស្រី ស៊ូជី កំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារមួយក្នុងរដ្ឋធានីណៃពិដោរ។
កាលពីខែមុន លោកស្រី ស៊ូជី ត្រូវបានគេរកឃើញថាមានពិរុទ្ធពី បទក្លែងបន្លំការបោះឆ្នោត ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ជាមួយនឹងការងារលំបាក នៅក្នុងការកាត់ក្តីទាក់ទងនឹងការបោះឆ្នោតសកលខែវិច្ឆិកា ឆ្នាំ ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ដោយផ្តួលគណបក្សដែលបង្កើតឡើងដោយយោធា។
នេះជាលើកទីមួយហើយដែលលោកស្រីស៊ូជី ត្រូវបានកាត់ទោសឱ្យធ្វើការធ្ងន់ចាប់តាំងពីរដ្ឋ ប្រហារយោធាឆ្នាំ២០២១ ។ លោកស្រីត្រូវបានគេដាក់ទណ្ឌកម្មដូចគ្នានៅក្នុងការកាត់ទោសដាច់ដោយឡែកមួយក្រោមការគ្រប់គ្រងមុនក្នុងឆ្នាំ ២០០៩ ប៉ុន្តែការកាត់ទោសនោះត្រូវបានបន្ធូរបន្ថយ។
កន្លងមកលោកស្រី ស៊ូជី ក៏ត្រូវបានគេរកឃើញថាមានពិរុទ្ធ ចាប់ពីអំពើពុករលួយ រហូតដល់ការរំលោភការបោះឆ្នោត។
ជាមួយគ្នានេះ ក្រុមសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀត អំពីការដាក់ទណ្ឌកម្មលើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ចាប់តាំងពីយោធាបានដណ្តើមអំណាច។
កាលពីខែកក្កដា របបយោធាបានប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យលេចធ្លោពីរនាក់ និងបុរសពីរនាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទភេរវកម្ម បន្ទាប់ពីមានការកាត់ទោសថ្កោលទោសដោយអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្ស៕
ប្រភព៖ CNN