អន្តរជាតិ៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតថ្កោលទោស ចំពោះ «ការប៉ុនប៉ងបញ្ចូលដោយខុសច្បាប់» របស់រុស្ស៊ីនៃតំបន់កាន់កាប់ដោយផ្នែកចំនួន៤ក្នុងប្រទេសអ៊ុយក្រែន និងបានជំរុញឱ្យប្រទេសនានាមិនទទួលស្គាល់ទង្វើនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
នៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធ បីភាគបួននៃមហាសន្និបាត ដែលមានសមាជិកចំនួន១៩៣ក្នុងចំណោមប្រទេសចំនួន ១៤៣ បានគាំទ្រដំណោះស្រាយដែលបានបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន នៅក្នុងព្រំដែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន។
ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់អ៊ុយក្រែន លោក Sergiy Kyslytsya បានប្រាប់អ្នកសារព័ត៌មានក្រោយការបោះឆ្នោត ថា លទ្ធផលបង្ហាញថា រុស្ស៊ីមិនអាចបំភិតបំភ័យពិភពលោកបានទេ។
ប្រទេសចំនួនបួនបានចូលរួមជាមួយរុស្ស៊ីក្នុងការបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនេះគឺ បេឡារុស នីការ៉ាហ្គា កូរ៉េខាងជើង និងស៊ីរី។ ប្រទេសចំនួន៣៥ផ្សេងទៀត បានបដិសេធមិនចូលរួមក្នុងការបោះឆ្នោតនេះ រួមមានប្រទេសចិន ឥណ្ឌា ប៉ាគីស្ថាន និងអាហ្វ្រិកខាងត្បូង ដោយនៅសល់មិនបានបោះឆ្នោតនោះទេ។
គួរបញ្ជាក់ថា ទីក្រុងមូស្គូ កាលពីខែកញ្ញា បានប្រកាសបញ្ចូលតំបន់កាន់កាប់ដោយផ្នែកចំនួនបួននៅអ៊ុយក្រែន ដែលរួមមាន Donetsk, Luhansk, Kherson និង Zaporizhia បន្ទាប់ពីបានរៀបចំនូវអ្វីដែលគេហៅថាការធ្វើប្រជាមតិ។ ដោយក្នុងនោះ អ៊ុយក្រែន និងសម្ព័ន្ធមិត្ត បានបរិហារការបោះឆ្នោតថា ខុសច្បាប់ និងបង្ខិតបង្ខំ។
លើសពីនេះ ការបោះឆ្នោតមហាសន្និបាតបានធ្វើតាមការវេតូដោយរុស្ស៊ីកាលពីខែមុននៃដំណោះស្រាយស្រដៀងគ្នានេះនៅក្នុងក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក១៥ រូប។ លទ្ធផលនេះ គឺជាការស្តីបន្ទោសខ្លាំងបំផុត ចំពោះរុស្ស៊ី ពីមហាសន្និបាតនៃដំណោះស្រាយចំនួនបួនដែលខ្លួនបានអនុម័ត ចាប់តាំងពីកងទ័ពរុស្ស៊ី បានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ៕
ប្រភព៖ Al Jazeera