សេអ៊ូល៖ កងទ័ពកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធការពារជាតិ Hoguk ប្រចាំឆ្នាំរបស់ពួកគេនៅថ្ងៃចន្ទនេះ ដែលរៀបចំឡើងដើម្បីបង្កើនសមត្ថភាពក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ចំពេលមានភាពតានតឹងលើសកម្មភាពយោធារបស់ភាគីទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
សមយុទ្ធដែលនឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍ គឺជាសមយុទ្ធចុងក្រោយបង្អស់របស់កូរ៉េខាងត្បូងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងសកម្មភាពរួមគ្នាជាមួយសហរដ្ឋអាមេរិក និងជប៉ុនផងដែរ។ ការហ្វឹកហ្វឺនលើទីលានចុងក្រោយបង្អស់បានកើតមានឡើង ខណៈដែលកូរ៉េខាងជើង បាននឹងកំពុងធ្វើតេស្តអាវុធក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ដោយបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងកាំភ្លើងធំរាប់រយគ្រាប់នៅជិតព្រំដែនអន្តរកូរ៉េកាលពីថ្ងៃសុក្រកន្លងទៅ។
ទីក្រុងព្យុងយ៉ាង បានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារចំពោះកូរ៉េខាងត្បូង និងសកម្មភាពយោធារួមគ្នា ដោយហៅថាជាការបង្កហេតុ និងគំរាមកំហែងវិធានការតបត។ ក្រុងសេអ៊ូល និយាយថា សមយុទ្ធរបស់ខ្លួន គឺជាប្រចាំនិងតម្រង់ទិសការពារ។ នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ដោយមានការចូលរួមដោយកងកម្លាំងអាមេរិកមួយចំនួន កងទ័ពកូរ៉េខាងត្បូងនឹងផ្តោតលើការរក្សាការត្រៀមខ្លួន និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់កងទ័ព ដើម្បីអនុវត្តប្រតិបត្តិការរួមគ្នាក្នុងអំឡុងពេលសមយុទ្ធ Hoguk ។
នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថា «កងកម្លាំងនឹងធ្វើសមយុទ្ធទាំងយប់ទាំងថ្ងៃក្នុងពិភពលោកពិតៗ ដើម្បីទប់ទល់នឹងនុយក្លេអ៊ែរ មីស៊ីល និងការគម្រាមកំហែងផ្សេងៗរបស់កូរ៉េខាងជើង ដូច្នេះពួកគេអាចគ្រប់គ្រងសមត្ថភាពបេសកកម្មក្នុងសម័យសង្គ្រាម និងពេលសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងអាមេរិកមួយចំនួន»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ភាពតានតឹងបានផ្ទុះឡើង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីល បាញ់កាំភ្លើងធំជាង ៥០០គ្រាប់ និងបានហោះហើរយន្តហោះចម្បាំងជាច្រើនគ្រឿងនៅជិតព្រំដែនសមុទ្រ។
ទីក្រុងសេអ៊ូល បានថ្កោលទោសទីក្រុងព្យុងយ៉ាង និងបានដាក់ទណ្ឌកម្មឯកតោភាគីជាលើកដំបូងក្នុងរយៈពេលជិត៥ឆ្នាំ ដោយពណ៌នាអំពីវិធានការនេះថាជាការរំលោភលើកិច្ចព្រមព្រៀងយោធាទ្វេភាគីឆ្នាំ២០១៨ ដែលហាមប្រាម«អំពើអរិភាព» នៅក្នុងតំបន់ព្រំដែន។ ប៉ុន្តែខាងជើង បានចោទយោធាកូរ៉េខាងត្បូងថា បានបង្កើនភាពតានតឹងដោយការបាញ់កាំភ្លើងធំរបស់ខ្លួន។
លើសពីនេះ សមាជិកសភាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបញ្ចប់ការត្រៀមលក្ខណៈ សម្រាប់អ្វីដែលនឹងជាការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៧ ហើយអាចនឹងដំណើរការវារវាងសមាជបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចដ៏សំខាន់របស់ប្រទេសចិន ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ និងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី៧ខែវិច្ឆិកា៕
ប្រភព៖ Reuters