ស្រូវនៅឆ្នាំនេះមានតម្លៃខ្ពស់ជាងរាល់ឆ្នាំ ជាមួយនឹងតម្លៃ ១,១៧០រៀល ក្នុង១គីឡូក្រាម កើនពីតម្លៃ៩៥០រៀល កាលពីឆ្នាំមុន ។ នេះបើយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។
ដោយសារតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងរាល់ឆ្នាំ ប្រជាកសិករមានការសប្បាយចិត្ត ពិសេសពួកគាត់ទទួលបានទិន្នផលខ្ពស់ ក្នុងការប្រមូលផលស្រូវក្នុងរដូវប្រាំងនេះផងដែរ។
ផ្អែកតាមរបាយការណ៍របស់ក្រសួងកសិកម្ម គិតមកត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ប្រជាកសិករ បានសម្រេចលើការងារបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា ៦៤២,៤៨៣ ហិកតា ស្មើនឹង ១៣៩.៩១% លើផែនការចំនួន ៤៥៩,២០០ ហិកតា។
យោងតាមលទ្ធផលខាងលើ ក្រសួងពិនិត្យឃើញថា មានខេត្តចំនួន ៥ ក្នុងចំណោម ២៥ រាជធានី/ខេត្ត ដែលបានធ្វើឲ្យសម្រេចដាំដុះលើផ្ទៃដីស្រូវរដូវប្រាំងច្រើនជាងគេ។ ក្នុងនេះមាន៖ ១) ខេត្តព្រៃវែង សម្រេចបាន ១១១ ២៧៩ ហិកតា ២) ខេត្តតាកែវ សម្រេចបាន ១០៧ ៣៧៧ ហិកតា ៣) ខេត្តកំពង់ធំ សម្រេចបាន ៧៦ ៩៥៦ ហិកតា ៤) ខេត្តកណ្តាល សម្រេចបាន ៥៥ ០៤៧ ហិកតា និង៥) ខេត្តបន្ទាយមានជ័យ សម្រេចបាន ៥០ ៥១១ ហិកតា ។
ស្របពេលដែលប្រជាកសិករនៅតំបន់មួយចំនួនបាននឹងកំពុងបន្តសាបព្រោះ ការប្រមូលផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសក៏បាននឹងកំពុងដំណើរការបន្តបន្ទាប់ផងដែរ គិតមកត្រឹមថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ប្រជាកសិករសម្រេចប្រមូលផលស្រូវរដូវប្រាំងបានចំនួនជាង ១.៤ លានតោន លើផ្ទៃដី ៣២៥,៦១៣ ហិកតា ស្មើនឹង ៥០.៦៨% ដែលទទួលបានទិន្នផលជាមធ្យមប្រមាណ ៤.៤៣ តោនក្នុង១ហិកតា។
យោងតាមការព្យាករណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ការប្រមូលផលស្រូវរដូវប្រាំងឆ្នាំនេះ អាចមានចំនួនជាង ២.៦ លានតោន៕