ភ្នំពេញ៖ លោកឃួង ស្រេង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបិទអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេភោជនីយដ្ឋានជាច្រើនកន្លែងផ្សេងគ្នានិងឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលបានលួចបើកធ្វើអាជីវកម្ម ក្នុងពេលដែលមានបម្រាមពីអាជ្ញាធរក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
បើយោងតាមរបាយការណ៍ និងកំណត់ហេតុ របស់ ក្រុមគណៈកម្មាការចម្រុះ បានបញ្ជាក់ថា នៅម៉ោងជាង ១០ យប់ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះបិទទីតាំងខារ៉ាអូខេអេនជេលផាលេស (ANGEL PALACE) ស្ថិតនៅផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា និងមនុស្សជាង ១០ នាក់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំចំណាត់ការបន្ត។ ចំណែកឯទីតាំងមួយកន្លែងទៀតគឺបារបារាំងឈ្មោះ Na Na bar ស្ថិតនៅតាមបណ្តាយផ្លូវលេខ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំ ឲ្យអភិបាលខណ្ឌ៧មករានិងអភិបាលខណ្ឌដូនពេញ ធ្វើលិខិតជាលាយលក្ខណ៍អក្សរបិទទីតាំងទាំង២ខាងលើនេះជាផ្លូវការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍២០កុម្ភៈនេះ៕