រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានលើកឡើងថា សម្ដេចបានចេញបទបញ្ជាឲ្យសាលារាជធានីភ្នំពេញនិងមេបញ្ជាការកងទ័ពជើងគោករៀបចំមន្ទីរពេទ្យចំនួន២បន្ថែមទៀត ដោយយកសណ្ឋាគារធ្វើជាកន្លែងរៀបចំ ដែលអាចមានប្រមាណ ២០០បន្ទប់ ឬលើសនេះ សម្តេចបានមានប្រសាសន៍នៅយប់ថ្ងៃទី១០ ខែមីនាឆ្នាំ២០២១ ។
សម្តេចបានមានប្រសាសន៍ថាលោកបានពិភាក្សាជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ដើម្បីបញ្ចេញក្រុមគ្រូពេទ្យរបស់កងទ័ព ដើម្បីធ្វើអន្តរាគមន៍ជួយដល់ក្រុមគ្រូពេទ្យស៊ីវិល ហើយសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ដែរថា បានរៀបចំ៣០ ក្រុមរួចហើយ។ ជាមួយគ្នានោះសម្ដេចបានស្នើឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ និងលោក ម៉ម ប៊ុនហេង ពិភាក្សាគ្នា ហើយមន្ទីរពេទ្យ២ កន្លែងនេះ ត្រូវផ្ដល់ទៅកងទ័ពធ្វើការគ្រប់គ្រងតែម្ដង ដោយប្រើប្រាស់វេជ្ជបណ្ឌិត និងគ្រូពេទ្យរបស់កងទ័ពនៅទីនោះ ។ ដោយឡែកកម្លាំងដែលនៅសល់ត្រូវត្រៀម ដើម្បីដាក់ទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង បំពាក់សម្ភារៈពេទ្យ របស់ក្រសួងសុខាភិបាលទៅឲ្យក្រុមគ្រូពេទ្យរបស់កងទ័ព ដែលរៀបចំប្រមាណ៣០ក្រុមនោះ ទាំងខោអាវការពារ ទាំងម៉ាស់ និងសម្ភារៈពាក់ព័ន្ធផ្សេងៗ ហើយសម្រាប់របបឧបត្ថម្ភផ្ទាល់ទៅលើក្រុមទាំងនេះ គឺជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយទទួលបាននូវរបបដូចក្រុមគ្រូពេទ្យស៊ីវិលផងដែរ។
ជាមួយគ្នានោះ សម្ដេចបានប្រាប់ឲ្យ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បញ្ជូនត្រង់ផ្ទាល់ ទៅក្រុមនោះតែម្តង កុំឲ្យពិបាកឆ្លងច្រើន។
សម្ដេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា សម្រាប់កម្លាំង៣០ ក្រុម ដែលមានប្រមាណជាង៣០០នាក់ ជាគ្រូពេទ្យ និងវេជ្ជបណ្ឌិតនេះ គឺជាកម្លាំងបម្រុងទុក។ បើទោះបីជាគ្មានករណីអ្វីកើតឡើង ក៏នៅតែជាកម្លាំងត្រៀមបម្រុងរបស់រាជ រដ្ឋាភិបាល ដើម្បីឲ្យកងទ័ពអាចចូលអន្តរាគមន៍ជួយដល់ក្រុមគ្រូពេទ្យស៊ីវិល ដែលមកដល់ពេលនេះមានការហត់នឿយខ្លាំង៕