នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន ៖ ប៉ូលិសស្រីដែលបំបៅដោះកូន ក្នុងឯកសណ្ឋាន គ្មានកំហុសទេ ហើយទទួលបានការលើកទឹកចិត្តពីឯកឧត្តម នេត សាវឿន ថែមទៀត
ព័ត៌មានជាតិ
721

ភ្នំពេញ៖ ក្រោយមានការផ្ទុះរូបភាពមួយសន្លឹករបស់ប៉ូលិសស្រីម្នាក់ ដែលត្រកងកូនបំបៅដោះក្នុងដៃ ទាំងក្នុងឈុតឯកសណ្ឋាន ហើយត្រូវបានលោកអធិការស្រុកសៀមប៉ាង ហៅទៅព្រមាននោះ ដោយសំអាងថា រាល់ការផ្តល់ព័ត៌មាន ឬការបញ្ចេញរូបភាព នៅកន្លែងប្រតិបត្តិការ គឺត្រូវសុំការអនុញ្ញាតជាមុនសិន ពីប្រធានអង្គភាពរបស់ខ្លួន ត្រូវបាននាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថា លោកស្រីអនុសេនីយ៍ទោ ស៉ីថុង សុខា អធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រូបនេះ មិនមានកំហុសធំដុំនោះទេ ហើយត្រូវបានផ្តល់រង្វាន់លើកទឹកចិត្តថែមទៀតផងដែរ។

នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន បាននិយាយថា ការបំបៅដោះកូន ជាភារកិច្ចមួយដែលមិនអាចខានបានរបស់មាតាគ្រប់រូប ហើយដោយមានការយកចិត្តទុកដាក់ខ្ពស់ និងជាការលើកទឹកចិត្តដល់មន្ត្រីនគរបាល, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល ផ្លែឈើ និងភេសជ្ជៈមួយចំនួន ដល់គាត់ផងដែរ ហើយ ឯកឧត្តម ក៏បានអរគុណដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ដែលបានបញ្ចេញមតិ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានទទួលយកនូវការបញ្ចេញមតិប្រកបដោយការស្ថាបនានេះ ៕





Telegram