ក្រុមជនសង្ស័យ ដែលគាស់ផ្ទះប្រជាពលរដ្ឋកាលពីថ្ងៃចូលឆ្នាំចិន លួចយកលុយនិងគ្រឿងអលង្ការសរុបជាង៤ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ
សន្តិសុខសង្គម
421

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ក្រោយបានធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋលួចយកលុយ និងគ្រឿងអលង្ការ សរុបជាទឹកប្រាប់ជាង ៤ម៉ឺនដុល្លារកំឡុងថ្ងៃចូលឆ្នាំចិន ។ អ្វីដែលសំខាន់ទៅទៀតនោះ គឺសមត្ថកិច្ចបានឆែកឆេររកឃើញ ក្រាមសថ្លាចំនួន៤កញ្ចប់ធំល្មម ថែមទៀត។

សូមបញ្ជាក់ថា ករណីនេះបានកើតឡើង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច ផ្លូវលេខ៤៤០ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ។

ជនសង្ស័យទាំង៣នាក់ រួមមាន៖

១-ឈ្មោះ ដួង តារា ហៅ ខ្វៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរកម្មករ ធ្វើទុយយោទឹក។

២-ឈ្មោះ ហេង គឹមលាង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខA២ ផ្ទះលេខ១BZ ផ្លូវ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរបុគ្គលិកហាងចិន ដកហូតបាន៖ កន្រ្តៃធំ១, តួណឺវីស៧, ដង្កាប់២, សោទីប៣, ញញួរ១, ម្សៅក្រាមសថ្លា៣កញ្ចប់តូច, ដបជក់ថ្នាំញៀន១ និងដែកកេះ១ ។

៣-ជនសង្ស័យឈ្មោះ ចាន់ តួ ហៅអាម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មុខរបរ ដឹកអីវ៉ាន់អនឡាញ ដកហូតម្សៅក្រាមសថ្លាចំនួន១កញ្ចប់តូច សង្ស័យជាសារធាតុញៀន ។

ការចាប់ខ្លួនជនសង្ស័យទាំងនេះ ធ្វើឡើងដោយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ។ ក្នុងនោះ ជនរងគ្រោះមានឈ្មោះ ផល ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះកើតហេតុ ហើយសម្ភារៈបាត់បង់រួមមាន ៖ ខ្សែដៃពេជ្រ១ខ្សែមានតម្លៃ ១៤,០០០ដុល្លារ, ក្រវិលពេជ្រ៣គូ តម្លៃ៩,០០០ដុល្លារ, ខ្សែកប្លាទីន៤ខ្សែក្នុង១ខ្សែតម្លៃ៦០០ដុល្លារ, ខ្សែដៃប្លាទីន៤ខ្សែ ក្នុង១ខ្សែតម្លៃ១៣០០ដុល្លារ, លុយដុល្លារអាមេរិក៤,៨០០ដុល្លារ, ម៉ូតូ៣គ្រឿង ម៉ាកឃ្លីក១គ្រឿង មិនចាំស្លាកលេខ ម៉ាកScoopy ចំនួន៣គ្រឿង សរុបចំនួនទឹកប្រាក់ប្រហែលជាង៤ម៉ឺនដុល្លារ។

ជនសង្ស័យទាំងនេះ បានឆ្លើយសារភាពថា ពួកគេយកប្រាក់ដែលលួចបានយកទៅចែកគ្នាស៊ីចាយអស់ហើយ យកទៅលេងល្បែង និងជក់គ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕



Telegram