ស្លាប់មនុស្ស២០នាក់ និងរបួស២៤នាក់ ក្នុងគ្រោះអគ្គិភ័យលេបត្របាក់រោងចក្រកាត់ដេរ
បរទេស៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះរោងចក្រកាត់ដេរមួយកន្លែង បណ្ដាលឲ្យមនុស្សយ៉ាងតិច២០នាក់ស្លាប់ និង២៤នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅក្បែររដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប។
បើតាមបណ្ដាញសារព័ត៌មាន The National News បានផ្សាយថា គ្រោះអគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែង មានកម្ពស់៤ជាន់ ស្ថិតក្នុងតំបន់ឆ្ងាយពីផ្ទះរបស់ប្រជាពលរដ្ឋ នៃរដ្ឋធានីគែរ។ រីឯរដ្ឋាភិបាល ក៏កំពុងតែស៊ើបអង្កេតអំពីករណីគ្រោះអគ្គិភ័យ ដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច២០នាក់ស្លាប់ និង២៤នាក់ផ្សេងទៀតរងរបួស។
អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ថា បន្ទាប់ពីកើតមានគ្រោះអគ្គិភ័យនេះភ្លាម ក្រុមរថយន្តពន្លត់អគ្គិភ័យ បានបើករថយន្ដចំនួន១៥គ្រឿង ចេញទៅជួយធ្វើអន្ដរាគមន៍ នៅកន្លែងកើតហេតុ ដើម្បីខណៈក្រុមរថយន្តសង្គ្រោះកំពុងដឹកជនរងគ្រោះ បញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យនៅក្បែរៗនោះ៕ ប្រភព៖ The National News