ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈរថយន្តកុងតឺន័រសណ្តោងរម៉កមួយគ្រឿង ម៉ាក FUSO ឆ្លងចរន្តឆេះ ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ កាលពីវេលាម៉ោង១២និង៣០នាទី យប់ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ២០០៤ ក្បែរស្តុបណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រសណ្តោងរម៉ក ម៉ាក FUSO ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7538 បើកបរដោយតៃកុងតែម្នាក់ឯង តាមបណ្តោយផ្លូវណតប្រ៊ីត ពីជើងទៅត្បូង បំណងទៅកំពង់ផែមាត់ទន្លេ ខណ្ឌដូនពេញ លុះមកដល់ចំណុចកើតហេតុ រថយន្តបានជាប់ហ្វ្រាំងហើយស្រាប់តែឆ្លងចរន្តឆេះផ្នែកខាងមុខក្រោមកាប៊ីនរថយន្ត ថែមទាំងផ្ទុះកង់ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន យកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ និងយកទឹកជាច្រើនធុងចាក់ តែនៅមិនរលត់ ទើបសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងចុះមកអន្តរាគមន៍ បាញ់ពន្លត់ទាន់ពេលវេលា និងឲ្យតៃកុង យករថយន្តទៅជួសជុលដោយខ្លួនឯង ៕




