ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមបទបញ្ជាយ៉ាងហ្មឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល ដោយមានលោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យបានដឹកនាំកម្លាំងបង្ការបង្រ្កាបចូលរួមជាមួយកម្លាំងនគរបាលស្រុកសង្កែ លោកវរសេនីយ៍ទោយុត តុងហូ ជា អធិការនគរបាលស្រុក ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់ ក្នុងករណីឃាតកម្មគិតទុកជាមុននៅមូលដ្ឋានស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្នុងនោះរួមមាន៖
១-ឈ្មោះ យឿម ម៉ែន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (ជនដៃដល់)។
២-ឈ្មោះ សឿប ស៊ីតង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (បក្សពួក)។
៣-ឈ្មោះ វី ខេត់ ហៅ វ៉ា ភេទប្រុ ស អាយុ២០ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (បក្សពួក) ។
ចំណែកដកហូតវត្ថុតាងមាន៖ កាំបិតខ្វែវចំនួន០១ដើម និងម៉ូតូ០១គ្រឿង ហុងដាឃ្លីច ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ស្លាកលេខ បាត់ដំបង 1AS-1691ជាមធ្យោបាយជិះធ្វើសកម្មភាព។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩និង១៩នាទី នៅចំណុចក្រុមទី០១ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី បទឃា-ត-ក-ម្មគិតទុកជាមុន (យកកាំ-បិ-តខ្វែ-វកា-ប់) មួយកើតឡើង បង្កដោយជនសង័្សយមួយក្រុមធ្វើសកម្មភាពកា-ប់ទៅរបស់ជនរងគ្រោះឈ្មោះ ធឿម ចំរើន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវចំក្បាលពីក្រោយចំនួន០១ កន្លែង បណ្តាលរងរបួសបែកហូរឈាម រហូតស្លាប់ បាត់បង់ជីវិតនៅក្នុងមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ។ រីឯក្រុមជនសង័្សយបានគេចខ្លួនបាត់ពីកន្លែងកើតហេតុខាងលើ ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អេីល នៅមូលដ្ឋានក៏ដូចជាក្នុងបណ្តាញសង្គម។
ក្រោយពេលទទួលបានព័ត៌មានសមត្ថកិច្ចផ្តើមធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។
ក្រោយពេលធ្វើកំណត់ស្តាប់ចម្លើយរួចរាល់ ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពតាមរកជនរងគ្រោះឈ្មោះ ធឿម ចំរើនប្រាកដមែន ហើយឈ្មោះ យឿម ម៉ែន បានធ្វើសកម្មភាពដោយផ្ទាល់គឺយកកាំ-បិ-ត-ខ្វែ-វស្ទាក់កា-ប់ទៅលើជនរងគ្រោះ ពិតប្រាកដមែននៅថ្ងៃកើតហេតុ ចំពោះមូលហេតុនៃករណីនេះគឺបណ្តាលមកពីជនរងគ្រោះលួចទាក់ទងជាមួយប្រពន្ធរបស់ជនដៃដល់ (នេះតាមសំដីរបស់ជនសង័្សយ)ខាងលើ។
ករណីនេះនគរបាលស្រុកកំពុងកសាងសុំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់៕