ឃាត់សកម្មភាពក្រុមយុវជន ៥នាក់ ដែលបើកបរម៉ូតូបំពាក់សារ៉ែន កែច្នៃខុសបច្ចេកទេសច្បាប់ចរាចរណ៍ផ្លូវគោក ជិះបើកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់ ដោយគ្មានការអនុញ្ញាត ឬគ្មានការស្នើសុំច្បាប់ពីអាជ្ញាធរ
សន្តិសុខសង្គម
153

រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការណែនាំរបស់សាលារដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សែម រតនា ស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ និងទទួលដឹកនាំការងារនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់សកម្មភាពក្រុមយុវជនចំនួន០៥នាក់ ក្នុងនោះ០២នាក់ជាប្រធានក្រុម ដោយបើកបរម៉ូតូបំពាក់សារ៉ែន កែច្នៃខុសបច្ចេកទេសច្បាប់ចរាចរណ៍ផ្លូវគោក ជិះបើកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់ ដោយគ្មានការអនុញ្ញាត ឬគ្មានការស្នើសុំច្បាប់ពីអាជ្ញាធរ ដែលសកម្មភាពនេះធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ បង្កបញ្ហាដល់អ្នកដំណើរផ្សេងទៀតក្នុងការធ្វើចរាចរណ៍។

បន្ទាប់ពីសមត្ថកិច្ចសួរនាំរួច ក្រុមយុវជនខាងលើបានទទួលកំហុសដែលខ្លួនបានល្មើសច្បាប់ចរាចរណ៍ និងបញ្ឈប់សកម្មភាពល្មើសបន្តទៀត។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ និងឱ្យដោះសម្ភារៈមួយចំនួន ដែលបំពាក់លើម៉ូតូខុសច្បាប់ ទើបសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕


Telegram