ជិះម៉ូតូមកពីផ្សារ ចោរឆក់កាបូបបានសម្រេច ស្តាយរបស់ស្ត្រីរងគ្រោះដេញតាម បែរជាជួបគ្រោះថ្នាក់ដួលផ្គាប់មុខបោកក្បាលរបួសធ្ងន់ធ្ងរ មិនដឹងយ៉ាងណាយ៉ាងណីទេ!
សន្តិសុខសង្គម
233

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បែកក្បាលហូរឈាមនៅលើផ្លូវក្រោមកម្តៅថ្ងៃ របួសធ្ងន់ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ និងនគរបាលប៉ុស្តិ៍ចោមចៅទី១ អន្តរាគមន៍ហៅរថយន្តសាមុយប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈត្រូវជនសង្ស័យឆក់កាបូបបានសម្រេច ហើយគាត់ព្យាយាមជិះម៉ូតូដេញតាមពីក្រោយ រហូតជួបគ្រោះថ្នាក់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅ ផ្លូវ៣០ម៉ែត្រថ្មី ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យបានដឹងថា ជនរងគ្រោះជាស្ត្រីខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ ស្លាកលេខភ្នំពេញ 1GM-5022 ធ្វើដំណើរចេញពីទិញម្ហូបមានទាំងសាច់ និងត្រី ព្យូរជាប់ម៉ូតូ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ បំណងត្រឡប់ទៅផ្ទះ ពេលនោះក៏មានជនសង្ស័យចំនួន៤ម៉ូតូ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះ បានសម្រេច រួចជិះរត់ ពេលនោះ ដោយសារជនរងគ្រោះរបស់ ក៏ដូចជាស្តាយទ្រព្យសម្បត្តិ គាត់ក៏ជិះម៉ូតូដេញតាមចោរពីក្រោយ មកដល់ចំណុចកើតហេតុ ស្រាប់តែវ៉ាក់អឺជាមួយរថយន្ត ចាប់ហ្វ្រាំងដួលផ្គាប់មុខបោកក្បាលរបួសធ្ងន់ធ្ងរតែម្តង ។

ភ្លាមៗគេឃើញមានទាំងសមត្ថកិច្ចនគរបាលចរាចរណ៍ និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី១ ចុះមកអន្តរាគមន៍ និងទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ចុះមកដឹកយកជនរងគ្រោះ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយអាការៈធ្ងន់ធ្ងរ មិនទាន់ដឹងយ៉ាងណាយ៉ាងណីនៅឡើយ ហើយពេលនេះ សមត្ថកិច្ចកំពុងបើកការស្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ


Telegram