បន្ទាយមានជ័យ ៖ អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងផែនព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការ ចុះស្រាវជ្រាវ ករណីពលរដ្ឋរាយការណ៍មកថា មានចោរលួចរថយន្ត ខណៈម្ចាស់កំពុងចុះទិញឥវ៉ាន់ ត្រូវចោរឡើងបើករថយន្តរត់គេចខ្លួន រួចបានយកទៅប្លុងចោល ម្ដុំក្រោយផ្សារសមាគមន៍ ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង២០:២៣នាទី យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
ពលរដ្ឋរងគ្រោះមានឈ្មោះ សំ សុវណ្ណ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ និងប្រពន្ធឈ្មោះ ឈឹម ស៊ីណា អាយុ ៤៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មានកូនប្រុស១នាក់ និងម្តាយចាស់១នាក់ រួមដំណើរ។
នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះបាននាំគ្នា ជិះរថយន្តរបស់ខ្លួន ម៉ាកលុច្សស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2C-4361 ឈប់នៅមុខតូបលក់ខោអាវជជុះមួយកន្លែង ត្រង់ចំណុចខាងកើតបេនឡានតូចស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ដើម្បីចុះទៅទិញខោអាវ ដោយកូននិងម្ដាយ អង្គុយរង់ចាំនៅក្នុងរថយន្ត ប្រហែល១០នាទីស្រាប់តែក្រោយមក មានបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ បានលួចចូលក្នុងរថយន្តបើកចេញទៅតាមបណ្តោយផ្លូវស្តង់តាងួន ដល់ចំណុចស្រះបេះដូង បានអោយក្មេងប្រុស ខាងលើចុះពីលើរថយន្ត រួចបន្តដំណើរទៅតាមផ្លូវជាតិលេខ៥៨ ដល់ចំណុចផ្លូវបំបែកអូរនាង បានដាក់អ៊ុំស្រីខាងលើ រួចអ្នកបើកបរបានបើកត្រឡប់ទៅទិសខាងត្បូងវិញ។
ជាលទ្ធផលនៅវេលាម៉ោង២២:៣០នាទីយប់ថ្ងៃដដែល កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ និងរកឃើញរថយន្តត្រូវបានជនសង្ស័យផ្លុងចោលនៅខាងលិចផ្សារសហគមន៍ និងបានប្រគល់រថយន្តទៅម្ចាស់ដើមវិញរួចរាល់។
ករណីខាងលើនេះ ពុំបានបណ្តាលអោយមានមនុស្សរងរបួសនោះទេ ចំណែកសំភារៈនៅក្នុងរថយន្តមានទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាកoppo និងអាយហ្វូនXsmax ក្នុងរថយន្តត្រូវបានបាត់។ បច្ចុប្បន្ននគរបាលកំពុងបន្តការស្រាវជ្រាវ លើករណីនេះ៕