សេចក្តីបំភ្លឺជុំវិញការបង្ហោះព័ត៌មាននិងរូបភាពមន្រ្តីជាប់កិច្ចសន្យាកាក់ហៅម៉ូតូរ៉ឺម៉កដឹកម៉ូតូនៅគោលដៅគល់ស្ពានអាកាសស្ទឹងមានជ័យ
សន្តិសុខសង្គម
368

រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា: នៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅគោលដៅខាងក្រោមគល់ស្ពានអាកាសស្ទឹងមានជ័យ មន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយមន្រ្តីជាប់កិច្ចសន្យាបានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកហើយក៏មានការថតរូបភាពវីដេអូសកម្មភាពមន្រ្តីកិច្ចសន្យាបានកាក់ហៅម៉ូតូរ៉ឺម៉ក០១គ្រឿងបានដឹកម៉ូតូចំនួន០៥គ្រឿងនៅលើរ៉ឺម៉កនិងយករូបភាពនេះបង្ហោះស៊ែចែកចាយតគ្នានៅលើបណ្តាញសង្គម និងសរសេរខ្លឹមសារថាតើមន្រ្តីជាប់កិច្ចសន្យាមានសិទ្ធឃាត់យានយន្តប្រជាពលរដ្ឋបានរដែរឺទេ?។

ក្រោយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គមនោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមន្រ្តីជាប់កិច្ចសន្យានិងមន្រ្តីនគរបាលចរាចរណ៍សរុប០៤នាក់ឈរជើងគោលដៅខាងលើឲ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

មន្រ្តីទាំងនេះបានបំភ្លឺឲ្យដឹងថាម៉ូតូរ៉ឺម៉កបានដឹកសំពីងសំពោង និងគ្មានបំពាក់ស្លាកលេខត្រឹមត្រូវតាមគោលការណ៍ច្បាប់និងបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍និងល្មើសការហាមឃាត់ដោយមិនអនុញ្ញាតឲ្យម៉ូតូរ៉ឺម៉កដឹកសំពីងសំពោងចូលក្នុងក្រុងខុសពេលវេលានោះទេខណៈដែលម៉ូតូរ៉ឺម៉កនោះធ្វើដំណើរឆ្លងកាត់នៅគោលដៅខាងលើមន្រ្តីនគរបាលចរាចរណ៍ឈរនៅខាងមុខបានកាក់ហៅឲ្យម៉ូតូរ៉ឺម៉កនោះឈប់ប៉ុន្តែអ្នកបើកម៉ូតូរ៉ឺម៉កបើកបរក្នុងស្ថានភាពលឿននឹងបានជ្រុលមកដល់ចំណុចឈរជើងមន្រ្តីជាប់កិច្ចសន្យាទើបមន្រ្តីកិច្ចសន្យាកាក់ហៅឲ្យឈប់ ហើយមន្រ្តីនគរបាលចរាចរណ៍បានធ្វើការអប់រំណែនាំគាត់ បន្ទាប់មកបានអនុញ្ញាតឲ្យគាត់បន្តដំណើរទៅមុខ ដោយមិនបានផាកពិន័យអ្នកបើកម៉ូតូរ៉ឺម៉កនោះទេ។

គួរបញ្ជាក់ថា:កាលពីកន្លងទៅនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់តាមសារព័ត៌មានទូរទស្សន៍បាយ័ន BTV អំពីតួនាទីភារកិច្ចរបស់មន្រ្តីជាប់កិច្ចសន្យារួចមកហើយ

ទី១.គាត់មានសិទ្ធស្លៀកពាក់ឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យា សហការជាមួយមន្រ្តីនគរបាលចរាចរណ៍សម្រួលដោះស្រាយការកកស្ទះចរាចរណ៍

ទី២.គាត់គ្មានសិទ្ធពាក់ឯកសណ្ឋានមន្រ្តីនគរបាលចរាចរណ៍ និងប្រើប្រាស់អាវុធជាតិផ្ទុះនោះទេ

ទី៣.គ្មានសិទ្ធអង្គុយសរសេរវិក័យប័ត្រផាកពិន័យចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក

ទី៤.គ្មានសិទ្ធបង្កើតក្រុមរបស់ពួកគាត់ទៅលួចឈរជើងគោលដៅណាមួយដោយគ្មានការដឹកនាំបញ្ជាពីមន្រ្តីនគរបាលចរាចរណ៍

ទី៥.គាត់ជាជំនួយការរបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកដឹកនាំដោយមន្រ្តី នគរបាលចរាចរណ៍

និងទី៦.គាត់មានសិទ្ធចាប់ឃាត់រាល់បទល្មើសជាក់ស្តែងនៅលើដងផ្លូវរួមទាំងបទល្មើសព្រហ្មទណ្ឌផងដែរ។

សូមបញ្ជាក់ថា:អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតែបន្តពង្រឹងវិន័យចំពោះមន្រ្តីជាប់កិច្ចសន្យានិងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ចុះបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបើក្នុងករណីធ្វើសកម្មភាពល្មើសវិន័យកងកម្លាំងនគរបាលជាតិ អនុវត្តផ្ទុយពីបទបញ្ជាថ្នាក់លើ និងអនុវត្តខុសគោលការណ៍ច្បាប់បង្កប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋនឹងត្រូវយកមកដាក់ពិន័យទៅតាមទោសកំហុសដែលបានប្រព្រឹត្ត៕


Telegram