ខេត្តកំពង់ធំ ៖ យោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថា ដោយសារតែភ្លៀងធ្លាក់រយៈពេលពីរបីថ្ងៃជាប់គ្នានៅស្រុកសណ្ដាន់ ធ្វើឱ្យមានជំនន់ទឹកភ្លៀង និងជំនន់ស្ទឹងសែន ដែលធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលំ និងផ្លូវកៅស៊ូជាច្រើនកន្លែង។
កាលពីរសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ ព្រមទាំងក្រុមការងារ បានចុះពិនិត្យមើលផ្លូវមួយចំនូនដែលទឹកហូរច្រោះដោយសារជំនន់ទឹកភ្លៀងនៅផ្លូវលំបឹងក្រញ៉ាក និងផ្លូវក្រាលកៅស៊ូនៅចំណុចបឹងម្រឹក ភូមិងន ឃុំងន និងអញ្ជើញទៅមើលការជួសជុលស្ពានមួយកន្លែងស្ថិតនៅភូមិពពឹង ឃុំមានជ័យ ដែលបាន និងកំពុងសាងសង់ដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមានជ័យ និងមេឃុំ ព្រមទាំងសហគមន៍។
ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពផ្លូវ និងស្ពានដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនិងទឹកស្ទឹងសែននោះ លោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរឃុំ ភូមិត្រូវចុះពិនិត្យស្ថានភាពជាក់ស្ដែងជាប្រចាំព្រោះថារហូតមកដល់ពេលនេះភ្លៀងនៅបន្តធ្លាក់ នៅស្រុកសណ្ដាន់រៀងរហូត។ ករណីនេះបណ្ដាលឱ្យផ្លូវ លូជាច្រើនកន្លែងត្រូវបានទឹកហូរកាត់ និងបាក់ស្រុត ដែលត្រូវរាយការណ៍ជាបន្ទាន់ និងបានណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ពិសេសរថយន្តធុនធ្ងន់ធ្វើចរាចរណ៍តាមគោលដៅដែលមានទឹកហូរកាត់ និងខូចខាតដោយសារជំនន់ទឹកភ្លៀងនេះ ។
ដោយឡែកបើយោងតាមផេក របស់រដ្ឋបាលស្រុកសណ្តាន់ បានបង្ហោះថា យោងតាមរបាយការណ៍របស់មន្ត្រីស្ថានីយជលសាស្ត្របាន អោយដឹងថា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថានីយជលសាស្ដ្រស្ទឹងសែនសណ្ដាន់ទឹកជន់មានកំពស់១៧.៩០ម ធៀបនៅថ្ងៃម្សិលមិញខ្ពស់ជាងម្សិលមិញ0.២៤ ម ។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម ដងស្ទឹងសែនមេត្តាបង្កើនការប្រុងប្រយ័ត្ន ៕