អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ០៤គ្រួសារ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ផ្ទះខ្លះអស់៣០ម៉ឺនដុល្លារ ខ្លះទៀតប្រហែល២.៥លានដុល្លារ នៅក្រុងដូនកែវ!
សន្តិសុខសង្គម
123

ខេត្តតាកែវ៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន០៤គ្រួសារ កើតឡើងនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៨និង៤០នាទី ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បណ្តាល ឱ្យឆេះផ្ទះនិងសម្ភារប្រើប្រាស់ចំនួន០៤គ្រួសារទាំងស្រុង។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះដូចខាងក្រោម៖

១/ ឈ្មោះ ង៉ែត ទ្រី ភេទប្រុស អាយុ ៥២ឆ្នាំ និងប្រពន្ធឈ្មោះហ៊ុយ មាណ អាយុ ៥១ឆ្នាំ មុខរបរលក់ម៉ូតូ មានទីលំនៅក្នុងភូមិនិងសង្កាត់កើតហេតុខាងលើ។ បណ្តាលឲ្យឆេះ(ផ្ទះសសរដែកជញ្ជាំងស័ង្ហសី ប្រកស័ង្ហសី)ចំនួន០២ល្វែង និងគ្រឿងបន្លាស់ម៉ូតូ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត (ឆេះអស់ទាំងស្រុងសរុបទឹកប្រាក់ប្រហែល៣០ម៉ឺនដុល្លា)។

២/ ឈ្មោះ ហេង ធារ៉ា ភេទប្រុស អាយុ ៥៨ឆ្នាំ និងប្រពន្ធឈ្មោះគួច គឹមឆេង អាយុ៥២ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត មានទីលំនៅក្នុងភូមិនិងសង្កាត់កើតហេតុខាងលើ។បណ្តាលឱ្យឆេះផ្ទះសសរដែក ជញ្ជាំងស័ង្ខសី ប្រកស័ង្ខសី ០៣ល្វែង, ផ្ទះជញ្ជាំងថ្ម ប្រកស័ង្ខសី ០១ល្វែង និងផ្ទះថ្មកំពស់៣ជាន់ (ទំហំ៩*២០) ០១ល្វែង និងគ្រឿងបន្លាស់រថយន្ត ម៉ូតូ រួមនិងសម្ភារផ្សេងៗទៀត (ឆេះអស់ទាំងស្រុងសរុបទឹកប្រាក់ប្រហែល២.៥លានដុល្លា)។

៣/ ឈ្មោះ ឆេង គា អាយុ៦០ឆ្នាំ ជាអ្នកជួលផ្ទះរបស់ ឈ្មោះ ហេង ធារ៉ា (ខូចខាតទាំងស្រុង សរុបទឹកប្រាក់ប្រហែល១៥,០០០ដុល្លា)។

៤/ ឈ្មោះ ង៉ែត ស៊ីផូ (ផ្ទះវីង) មានទីលំនៅក្នុងភូមិនិងសង្កាត់កើតហេតុខាងលើ ខូចខាតផ្ទះ និងសម្ភារ សរុបទឹកប្រាក់ប្រហែល១០,០០០ដុល្លា។

ក្នុងកិច្ចប្រតិបត្តិការខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកចំនួន១៨ឡាន ,រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលទាំង៩ស្រុកចំនួន០៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួនសរុបរួម៥០ឡាន ហើយក៏មានការសហការជាមួយរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ(ទីក្រុងកោះពេជ្រ) ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន រថយន្តស្ទូចរបស់អគ្គីសនីខេត្តតាកែវ ០១គ្រឿង និងមានអេស្កាវ៉ាទ័រ ០១គ្រឿង ជួយកាយគំនរកំទិចភ្លើងសម្រាប់ឱ្យរថយន្តពន្លត់អគ្គិភ័យចូលបាញ់ទឹកពន្លត់។

ចំណែកមូលហេតុគ្រោះអគ្គិភ័យខាងលើបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី(ទុសេខ្សែភ្លើង ឆាបឆេះចេញពីផ្ទះលក់គ្រឿងបន្លាស់រថយន្ត ឈ្មោះហេង ធារា និងឈ្មោះគួច គឹមឆេង។

គ្រោះអគ្គិភ័យខាងលើនេះ មិនបណ្តាលឪ្យមានគ្រោះដល់អាយុជីវិតមនុស្សឬសត្វឡើយ។ ករណីខាងលើ សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ធ្វើការពន្លត់អគ្គិភ័យឱ្យរលត់ទាំងស្រុងនៅវេលាម៉ោង០៥ និង១០នាទីព្រឹក ថ្ងៃទី២៦ ខែឆ្នាំដដែល៕


Telegram