រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ នេះ រដ្ឋបាលខណ្ឌដង្កោ នៃរាជធានីភ្នំពេញ និងរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានបើកកិច្ចប្រជុំរួមគ្នាជាលើកទី១ ដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពនៅមូលដ្ឋានស្រុក និងខណ្ឌ និយាយជារួមបើកកិច្ចសហការប្រតិបត្តិរួមគ្នា អនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ ពង្រឹងកិច្ចសហការប្រតិបត្តិការ លើការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ: និងពង្រឹងការងារបង្ក្រាបបទល្មើស ផ្សេងៗមានសុវត្ថិភាព និងមានប្រសិទ្ធភាពនៅក្នុងមូលដ្ឋាន ។
កិច្ចប្រជុំ រួមជាលើកទី១នេះ បានធ្វើឡើងក្រោមវត្តមានលោកស្រី គឹម ញឹម អភិបាលខណ្ឌដង្កោ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង , លោក ឃឹម សំភា អភិបាលក្រុងតាខ្មៅ នឹងមានការចូលរួមពី លោកអធិការនគរបាលខណ្ឌ-ស្រុក , លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ-ស្រុក , លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលនិងលោក-លោកស្រីដែលជាមេឃុំចៅសង្កាត់ចម្រុះក្នុងរដ្ឋបាលស្រុកខណ្ឌទាំង៣ ។
ក្នុងប្រជុំនេះ ធ្វើឡើងបន្ទាប់ពីទទួលបានសារពិសេសពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងកង្វល់របស់ប្រជាពលរដ្ឋ បញ្ហាអនាធិបតេយ្យបង្ករឡើងដោយក្រុមមនុស្សមួយចំនួនតូច ធ្វើការបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ដោយបានធ្វើឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ និងបង្ករហានិភ័យដល់អ្នកដំណើរផ្សេងទៀត។
ថ្លែងនៅក្នុងកិច្ចប្រជុំលោកស្រីអភិបាលខណ្ឌដង្កោ និងលោកអភិបាលស្រុកកណ្តាលស្ទឹង និងលោកអភិបាលក្រុងតាខ្មៅ បានដាក់ចេញនូវគោលដៅរួមគ្នា គឺអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខណ្ឌនិងស្រុក កិច្ចការចម្បងគឺ បង្ក្រាបក្រុមក្មេងទំនើង បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យមាននៅក្នុងមូលដ្ឋានទាំង៣ និងបង្ក្រាបរាល់មុខសញ្ញាគ្រឿងញៀន និងបង្ក្រាបក្រុម មុខ សញ្ញាដែលប្រព្រឹត្តបទល្មើស នៅក្នុងមូលដ្ឋានទាំងបី ។ ដោយឡែក ឃុំ-សង្កាត់ណាដែលមានព្រំប្រទល់ជាប់គ្នា សូមឲ្យគណៈបញ្ជាការទាំងបី បង្កើនការយកចិត្តទុកដាក់ចុះត្រួតពិនិត្យតាមតំបន់ស្មុគស្មាញ និងតំបន់ងាយរងគ្រោះដោយមុខសញ្ញាគ្រឿងញៀន ហើយបើអាចធ្វើទៅបាន រួមគ្នាបង្កើត ប៉ុស្តិ៍ មួយសម្រាប់ កម្លាំង
គណៈបញ្ជាការទាំង៣ ប្រចាំការដើម្បីការពារ មុខសញ្ញាផ្សេងៗ កុំឲ្យចូលមកប្រព្រឹត្តបទល្មើសនៅក្នុងមូលដ្ឋានឃុំនិងសង្កាត់ ។
មួយផ្នែកទៀត នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ
គណៈបញ្ជាការឯកភាពទាំងបីបានដាក់ចេញនូវវិធានការ ផ្សព្វផ្សាយពីផលប៉ះពាល់ ពីផលប៉ះពាល់ដោយសារការញៀន ល្បែងស៊ីសង បញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស ដែលចំណុចទាំងអស់នេះគឺជាផ្នែកមួយនៃការជំរុញឲ្យសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីមានការភ្ញាក់រឭកតាមរយៈការបញ្ជ្រាប យល់ដឹងផលប៉ះពាល់នានា ដែលធ្វើឲ្យខូចអនាគតរបស់សិស្សានុសិស្ស ។
ជាមួយគ្នានេះដែរ គណៈបញ្ជាការឯកភាពទាំងបី បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបើមានផ្ទះជួលសូមកុំឲ្យជួលអោយ ក្រុមរកស៊ីបើកល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងឡូតូតាមអនឡាញ ជល់មាន់អនឡាញជាដើម ។ ការចូលរួមរបស់បងប្អូនគឺមានន័យថាបងប្អូនបានរួមចំណែកជាមួយអាជ្ញាធរក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនិងមួយផ្នែកទៀតបងប្អូនបានចូលរួមអនុវត្តបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យមាននៅក្នុងប្រទេស ៕ អែល វិចិត្រ