សាកសពអាកាសយានិកទាំងពីររូបនឹងយកធ្វើបុណ្យឱ្យស័ក្តិសមនឹងកិត្តិយសនៅទីបញ្ជាការដ្ឋានកងទ័ពអាកាស
ព័ត៌មានជាតិ
828

ទីបំផុតអាកាសយានិកទាំងពីររូបគឺ លោក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ ដែលជួបឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រអំឡុងពេល ហ្វឹកហាត់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានក្រុមរុករកស្វែងរក ឃើញ កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា(លោក ខេង ឆៃយុទ្ធ)និងព្រឹកថ្ងៃទី៣០ ខែកក្កដា (លោក ស៊ុន ផល្លា) តែជាអកុសលលោកទាំងពីរពលី បាត់ ទៅហើយ។

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនា ធិការ ចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សពអាកាសយានិក ទាំងពីររូបនឹងត្រូវយកមករៀបចំពិធីបុណ្យនៅ អគ្គបញ្ជាការដ្ឋានកងទ័ព អាកាសនារាជធានីភ្នំពេញឱ្យស័ក្តិសមនឹងកិត្តិយសរបស់លោកទាំងពីរ។នាយឧត្តមសេនីយ៍បន្ត ថា កាលពី យប់ថ្ងៃទី២៩ ខែកក្កដា ពោលគឺ បន្ទាប់ពីបានរកឃើញសាកសពលោក ខេង ឆៃយុទ្ធ, លោក បានសុំ គោល ការណ៍ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីនាំយក សាកសពទៅ រៀបចំពិធីបុណ្យនៅអគ្គមេបញ្ជាការ ដ្ឋាន កងទ័ពអាកាស ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់

មកដល់រសៀលថ្ងៃទី៣០ ខែកក្កដា នេះបើទោះបីសាកសពអាកាស យានិកទាំងពីរត្រូវបានរកឃើញនិងធ្វើការវេចខ្ចប់យ៉ាងសមរម្យបំផុត យ៉ាងណាក៏ដោយ ក៏សពពុំទាន់ត្រូវបានយកចេញពីចំណុច រកឃើញនៃភ្នំយ៉ាវយ៉ៃ នៃឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់មកកាន់ទីបញ្ជាការដ្ឋានទ័ពអាកាសដើម្បីប្រារព្ធពិធីបុណ្យនៅឡើយទេ ដោយសារកត្តាអាកាសធាតុដ៏មិនអំណោយផល។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា អាកាសធាតុអាក្រក់ជា ឧបសគ្គក្នុងការស្វែងរក ក៏ដូចជាការបញ្ជូនសព។ លោកបញ្ជាក់ថា បើអាកាសធាតុល្អត្រឹមតែ២០ នាទីយើងអាចយកសពនិងបញ្ជូនសព មកភ្លាម។ ប៉ុន្តែភ្លៀង អ័ព្ទខ្លាំងរហូត រំខានដល់ការងារនេះ។ លោកថា អ័ព្ទខ្លាំងចំងាយតែ៥ម៉ែត្រពីគ្នា ក៏មើលគ្នាមិនគ្នាឃើញដែរ។ ឆ្លៀតក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ក៏បានសុំការយោគយល់ពី សំណាក់មហាជន ជាពិសេសក្រុមគ្រួសារសពជាមុន ប្រសិនបើមាន ការយឺតយ៉ាវ ។

សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះ ហើរ ម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនពីភ្នំពេញ-ថ្មដា-ពោធិ សាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ ខែកក្កដា។លើឧទ្ធម្ភា គចក្រ មានលោក ស៊ុន ផល្លា ជាប្រធានក្រុម និង លោក ខេង ឆៃយុទ្ធ ជាអាកាស យានិក។បន្ទាប់ពីបាត់ការទាក់ទងប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្របានធ្វើឡើងក្រោមការដឹកនាំបញ្ជា ផ្ទាល់ ពីថ្នាក់ដឹកនាំសំខាន់ៗ មាននាយឧត្តម សេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, ឧត្តម សេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិ ភាគទី៥និង ឧត្តមសេនីយ៍ទោ ស៊ុ សំណាង មេបញ្ជាការ បញ្ជាការដ្ឋាន ទ័ពពិសេស។ រហូតមកដល់ថ្ងៃទី៣០ ខែកក្កដា នេះ បេសកកម្មត្រូវ បានបញ្ចប់ ដោយបានរកឃើញ ឧទ្ធម្ភាគចក្រធ្លាក់ នៅចំណុច ចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងសាកសពអ្នកបើកបរទាំងពីរនាក់៕ប្រភពផេកក្រសួងព័ត៌មាន


Telegram