សេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ បណ្តោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ព័ត៌មានជាតិ
17.3K

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ រដ្ឋបាលខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពី ស្តុបបំបែកខ្នែងផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់កំពង់ផែស្វយ័តក្រុងភ្នំពេញ គ.ម៣០+១៤០ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ រហូតដល់អ្នកលឿង ត្រើយខាងលិច ចាប់ពីម៉ោង ០០:០០ កណ្តាលអធ្រាត្រ រហូតដល់ម៉ោង ១៣:០០ រសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី។ ចំពោះរថយន្តគ្រួសារអាចធ្វើចរាចរណ៍ បានជាធម្មតា ចំណែករថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្តដឹកអ្នកដំណើរ ដែលមានបំណងធ្វើដំណើរចូលរាជធានីភ្នំពេញ អាច ធ្វើចរាចរណ៍ចេញពីផ្លូវជាតិលេខ១ ពីអ្នកលឿង ត្រើយខាងកើត វាងតាមផ្លូវជាតិលេខ១១ ដល់រង្វង់មូលស្វាយអន្ទរ បន្តមកផ្លូវជាតិលេខ៨ ដល់ស្ពានព្រែកតាមាក់ ឆ្លងចូលផ្លូវជាតិលេខ៦ និងអាចបន្តធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ឆ្ពោះមកផ្លូវជាតិលេខ៥។ ចំពោះរថយន្តដឹកដឹកទំនិញធុនធ្ងន់ និងរថយន្តដឹកអ្នកដំណើរ ពីរាជធានីភ្នំពេញទៅ អ្នកលឿង អាចវាងត្រឡប់តាមទិសដៅដូចបានរៀបរាប់ខាងលើ។

អាស្រ័យហេតុនេះសូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយ ចូលរួម សហការ អនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព ៕


Telegram