បាត់ដំបង៖ យ៉ាងហោចណាស់ បុរសម្នាក់ដែលជាកូនឈ្នួលបានស្លាប់យ៉ាងរន្ធត់ ខណៈប្រពន្ធរបស់ម្ចាស់ទីតាំងម្នាក់ទៀត បានរងរបួសធ្ងន់ ក្នុងករណីទុស្សេ ឌុយចង្ក្រានអគ្គិសនីចំហុយសាច់ ជះចំហាយដល់ធុងហ្គាស លាន់កក្រើកធរណី ផ្ទុះប៉ើងជញ្ជាំងនិងដំបូលខ្ទេចគ្មានសល់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង ៥និង៣៥នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្នុងក្រុមទី៩ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
របាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា ករណីផ្ទុះធុងហ្គាសនេះ បានបណ្តាលឲ្យបុរសម្នាក់ឈ្មោះ ម៉េង ហឹង អាយុ ២៣ឆ្នាំ ស្លាប់យ៉ាងរន្ធត់នៅនឹងកន្លែង ដោយមានប្រពន្ធឈ្មោះ រ៉ាត់ សុភ័ក្រ អាយុ ២៤ឆ្នាំ អ្នកទាំង២ ជាកូនឈ្នួល ស្នាក់នៅជាមួយម្ចាស់ផ្ទះឈ្មោះ ឃឹម សាម៉ុន ភេទប្រុស អាយុ ៥៨ឆ្នាំ ។ រីឯប្រពន្ធរបស់ម្ចាស់ផ្ទះ ដែលមានឈ្មោះ ឈឹម សើ អាយុ ៥៤ឆ្នាំ ក៏រងរបួសធ្ងន់ផងដែរ ។
ដោយឡែក ងាកមកមើលស្ថានភាពផ្ទះខាងលើនេះវិញ គឺខូចខាតផ្ទះបាយទំហំ ៧ x ១០ម៉ែត្រទាំងស្រុង ផ្ទុះប៉ើងទាំងជញ្ជាំង ទាំងដំបូល ខ្ទេចអស់គ្មានសល់តែម្តង ហើយសម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះបាយមួយចំនួនទៀត ក៏រងការខូចខាត ថែមទាំងមានការឆាបឆេះតិចតួច ផ្អើលដល់សមត្ថកិច្ច រួមនិងរថយន្តពន្លត់អគ្គិភ័យ ចុះទៅកន្លែងកើតហេតុ តែពេលទៅដល់ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះ បាននាំគ្នាពន្លត់ភ្លើងរលត់បាត់ទៅហើយ ។ ចំណែកមូលហេតុសមត្ថកិច្ចបានបញ្ជាក់ក្នុងរាយការណ៍ថា បណ្តាលមកពីការទុស្សេ ឌុយចង្ក្រានអគ្គិសនីចំហុយសាច់ ជះចំហាយដល់ធុងហ្គាស ហើយសពត្រូវបានក្រុមគ្រួសារនិងម្ចាស់ផ្ទះធ្វើបុណ្យតាមប្រពៃណី៕