រាជធានីភ្នំពេញ ៖ បុរសម្នាក់មកអង្គុយផឹកស៊ីលើផ្លូវរថភ្លើង ត្រូវរថភ្លើងបុកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២ និង១០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ក្នុងភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ លុះព្រឹកឡើងសមត្ថកិច្ចចុះធ្វើការពិនិត្យ និងធ្វើកោលស្យវិច័យ។
សពជនរងគ្រោះមានឈ្មោះ សារឿន មាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវរថភ្លើង ភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ
តាមការបំភ្លឺពីឈ្មោះ យ័ន ចាន់ណា ភេទប្រុស ជាអ្នកបិតបារ៉ាស់ផ្លូវរថភ្លើងបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១២នឹង១០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ មានរថភ្លើង១គ្រឿងបានបើកតាមផ្លូវដែកពីជើងទៅត្បូង ចេញពីភ្នំពេញ ហើយគាត់បានបិតបារ៉ាស់កុំឲ្យមានយានយន្តឆ្លងដូចធម្មតា, ពេលរថភ្លើងចេញទៅផុតគោលដៅខ្ញុំ ទើបគាត់បានចូលទៅដេកក្នុងកន្លែងប៉ុស្តិ៍យាមវិញ, មួយសន្ទុះក្រោយស្រាប់តែមានមនុស្សមកប្រាប់ខ្ញុំថាឃើញសាកសពមនុស្សប្រុសម្នាក់ស្លាប់នៅក្បែរផ្លូវដែករថភ្លើង មានរបួសក្បាលចេញឈាម ទើបគាត់ផ្ដល់ដំណឹងឲ្យសមត្ថកិច្ច។
ដោយឡែក ឈ្មោះ ធី ថាវ៉ាត់ ភេទប្រុស ជាប្អូនប្រុសជីដូនមួយរបស់ជនរងគ្រោះបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ គាត់និងបងប្រុសជីដូនមួយបានទិញស្រាថ្នាំ២លីត្រ និងសាច់ឆ្កែ មកផឹកស៊ីជាមួយ និងកម្មករ២នាក់ទៀតនៅជាប់ផ្លូវដែករថភ្លើងមុខការដ្ឋានកន្លែងពួកគាត់ធ្វើការ និងស្នាក់នៅ, ពេលផឹកអស់ស្រាថ្នាំ បងប្រុសជីដូនមួយ បានទៅទិញស្រាបៀរហនុមានទឹកខ្មៅចំនួន១២កំប៉ុងទៀតមកផឹក, លុះដល់វេលាម៉ោងប្រហែល២៣នឹង២០នាទី ថ្ងៃដដែល គាត់និងកម្មករ២នាក់ទៀតបានឈប់ផឹកចូលទៅដេក តែបងប្រុសជីដូនមួយ មិនទាន់ឈប់ផឹកទេនៅបន្តអង្គុយផឹកនៅក្បែរផ្លូវដែករថភ្លើងបន្តទៀត។ នៅវេលាម៉ោងប្រហែល០៦ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ភ្ញាក់ពីដេកមកឃើញមានមនុស្ស និងសមត្ថកិច្ចនៅជុំគ្នាលើផ្លូវដែករថភ្លើង ទើបគាត់ដើរទៅមើលឃើញបងប្រុសជីដូនមួយគាត់ ស្លាប់មានរបួសបែកក្បាល ហើយមានគេប្រាប់ថាមានរថភ្លើងបុកបណ្តាលឲ្យស្លាប់។
ក្នុងនោះ តាមការពិនិត្យនៅលើដីក្បែរផ្លូវដែកជាប់ដោយឃ្លាតពីកន្លែងបារ៉ាស់បិតផ្លូវរថភ្លើងឆ្លងកាត់ពីជើងមកត្បូងចំងាយ៥២ម ឃើញមានសំបកកំប៉ុងស្រាបៀរហនុមានពណ៌ខ្មៅចំនួន៤សំបក, ស្បែកជើងផ្ទាត់ជ័រ១គូរ, និងបុកល្ហុង១ថង់។ ឃ្លាតពីចំណុចនេះទៅត្បូងឈាងលិចចំងាយ១៨ម ស្ថិតនៅលើដីផ្លូវលំឃើញមានស្នាមឈាមលុបដីខ្សាច់ពីលើ។ សពពាក់អាវយឺតដៃខ្លី ស្លៀកខោជើងខ្លី ស្ពាយកាបូបចំហៀង ផ្ទៃមុខ ខ្លួនប្រាណដៃជើង ខោអាវប្រឡាក់ភក់ និងឈាម សាកសពមានសភាពរឹង, មានឈាមហូរចេញតាមរន្ធត្រចៀកទាំងសងខាង។
ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយសារប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ គ្រោះចរាចរណ៍ រថភ្លើងបុកស្លាប់ និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ