សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២ ខែកក្កដានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់អោយអនុវត្តន៍នៅខេត្តសៀមរាបនេះ ជាជំសាកល្បង (pilot) ដើម្បីធនាគារជាតិអាចធ្វើការវាយតម្លៃ និងយកជាមូលដ្ឋានសម្រាប់រៀបចំផែនការឱ្យបានជាក់លាក់ មុននឹងប្រកាសដាក់អោយអនុវត្តគោលការណ៍ថ្មីនេះនៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលថា ហេតុអ្វីបានជាធនាគារជាតិមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង? សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា «ដោយសារការទទួលយកក្រដាសប្រាក់ដុល្លារហែក ឬចាស់ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់អោយអនុវត្តនូវគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន»។
សូមរម្លឹកដែរថា កាលពីពេលថ្មីៗនេះ ធនាគារជាតិ បានដាក់ចេញយន្តការបន្ទាន់ សម្រាប់ខេត្តសៀមរាបពាក់ព័ន្ធប្រាក់ដុល្លារអាមេរិក ចាស់ឬប្រឡាក់ ដោយតម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារ ចាស់ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន។
ការសម្រេចដាក់ឱ្យអនុវត្តន៍គោលការថ្មីនេះ គឺដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ប្រាក់ដុល្លារ របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា៕