សមត្ថកិច្ចខណ្ឌដង្កោ បង្ក្រាបបានក្រុមចោរយ៉ាងសកម្ម ០៣នាក់ ខណៈធ្វើសកម្មភាពចេញលួច២ថ្ងៃជាប់ៗគ្នា !
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ចំនួន២ករណី។
ករណីទី១ កើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ហុន ទីម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែក ជនសង្ស័យចំនួន០២នាក់១/ឈ្មោះ នុន សំនៀង ហៅ នាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ២/ឈ្មោះ សំរ៉ុង មឿន ហៅ ឡូតូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមុនពេលកើតហេតុ ជនរងគ្រោះបានលួចចូលផ្ទះជនរងគ្រោះ ពេលជនរងគ្រោះនាំកូនស្រីចូលក្នុងផ្ទះដើម្បីងួតទឹក ក៏បានឃើញជនសង្ស័យឈ្មោះ សំរ៉ុង មឿន ហៅឡូតូ កំពុងរើកកាយសម្ភារៈក្នុងទូរ ក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ដើម្បីរកទ្រព្យសម្បត្តិមានតម្លៃ ឃើញដូចនេះជនរងគ្រោះក៏បានស្រែកឆោឡោថា ចោរៗ ហើយជនសង្ស័យក៏បានស្ទុះរត់ចេញទៅក្រៅ តាមទ្វារក្រោយ ក៏ត្រូវប្រជាពលរដ្ឋធ្វើការឡោមព័ទ្ធចាប់ឃាត់ខ្លួនបាន ហើយវ៉ៃម្នាក់មួយជើង បណ្តាលអោយជនសង្ស័យរងរបួសហើមលើផ្ទៃមុខ ផ្អើលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រតាមនីតិវិធីច្បាប់ ដោយជនសង្ស័យឆ្លើយថា ខ្លួននិងបក្ខពួកឈ្មោះ នុន សំនៀង ហៅ នាង បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនៅផ្ទះជនរងគ្រោះ ពិតមែន ។ ក្រោយមកសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ នុន សំនៀង ហៅនាង បានត្រង់ចំណុចផ្ទះ ជនសង្ស័យ ស្ថិតនៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។
ក្រោយមក ជនសង្ស័យឈ្មោះ សំរ៉ុង មឿន ហៅ ឡូតូ ក៏បានឆ្លើយទៀតថា កាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី៤ ខែសីហា ខ្លួននិងបក្សពួកឈ្មោះ គី កាមុត ហៅ ហម ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល បាននាំគ្នាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ឈ្មោះ ខៀង រតនៈ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិកណ្ដាលសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចក៏បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ គី កាមុត ហៅ ហម ខាងលើ នៅវេលាម៉ោង១២និង៥០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ករណីនេះសម្ភារ:បាត់បង់ ខ្សែកប្លាកទីនចំនួន០១ខ្សែ , ចិញ្ចៀនមាសចំនួន០១វង់, លុយខ្មែរ៥,០០០,០០០រៀល។
ដោយមុនពេលកើតហេតុ ជនរងគ្រោះនិងប្តី បានចេញពីផ្ទះជួលគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅលក់ខ្ញីនៅផ្សារបន្លែកួរស្រូវ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានទុកកាបូកស្ពាយពណ៌ខ្មៅចំនួន០២ ក្នុងបន្ទប់ឡៅតឿ ដោយក្នុងកាបូបទាំងពីរនោះ កាបូប០១មានលុយចំនួន៥,០០០,០០០រៀល (ប្រាំលានរៀល) និងកាបូប០១ទៀត មានចិញ្ចៀនមាសចំនួន០១វង់តម្លៃ និងខ្សែកផ្លាកទីនចំនួន០១ខ្សែ តម្លៃ ហើយជនរងគ្រោះបានឱ្យកូនប្រុសឈ្មោះ ចេង ម៉េងជីង អាយុ១៣ឆ្នាំ នៅចាំផ្ទះតែម្នាក់ឯង ។ លុះដល់វេលាម៉ោង១១ ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះនិងប្តីបានត្រឡប់ពីលក់ដូរមកដល់ផ្ទះវិញ ហើយបានឡើងទៅបន្ទប់ឡៅតឿ ដើម្បីយកលុយឱ្យថ្លៃអ៊ីវ៉ាន់គេ ស្រាប់តែបាត់លុយនៅក្នុងកាបូប រួចជនរងគ្រោះក៏បើកមើលកាបូប០១ទៀត ក៏បានបាត់ខ្សែកប្លាកទីនចំនួន០១ខ្សែ និងចិញ្ចៀនមាសចំនួន០១វង់ពីក្នុងកាបូបខាងលើ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ។ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ឆែកមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅផ្ទះប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ បានឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ ដើរចូលធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះ នៅវេលាម៉ោង០៩និង៣០នាទី(ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ។ លុះដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៨យប់ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិជនរងគ្រោះឈ្មោះ ហុន ទីន ភេទប្រុស អាយុ២៦ឆ្នាំ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិក្រាំពង្រ សង្កាត់ក្រពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សំរ៉ុង មឿន ហៅ ឡូតូ ភេទប្រុស អាយុ២៣ឆ្នាំ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ សំរ៉ុង មឿន ហៅ ឡូតូ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបខ្លួន (ជនសង្ស័យឈ្មោះ សំរ៉ុង មឿន ហៅ ឡូតូ) និងបក្ខពួកឈ្មោះ គី កាមុត ហៅ ហម ភេទប្រុស អាយុ២១ឆ្នាំ ពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ (ចិញ្ចៀនមាស និងខ្សែកផ្លាកទីន) របស់ជនរងគ្រោះឈ្មោះ ខៀង រតនៈ យកទៅលក់ឱ្យអាជីករទិញលក់មាសនៅផ្សារចំបក់ ស្ថិតនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ប្រាកដមែន រួចសមត្ថកិច្ចក៏បាននាំជនសង្ស័យឈ្មោះ សំរ៉ុង មឿន ហៅ ឡូតូ ទៅធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបានម្នាក់ទៀតឈ្មោះ គី កាមុត ហៅ ហម នៅវេលាម៉ោង១២និង៥០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្តង ៕ អែល វិចិត្រ