រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោកនាយការិយាល័យ នាំជនសង្ស័យម្នាក់ដែលបង្ក្រាបបាន ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងខណ្ឌទួលគោក មកបន្តឆែកឆេរទីតាំងផ្ទះនៅចំណុចគល់ស្ពានស្ទឹងមានជ័យ ក្នុងភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីរកវត្ថុតាងបន្ត ។
សូមបញ្ជាក់ថា ការបន្តមកឆែកឆេរទីតាំងនេះ ក្រោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការបង្រ្កាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តាន់ សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ នៅចំណុចលើផ្លូវមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងនោះ សមត្ថកិច្ចវត្ថុតាងចាប់យកមាន៖
១-ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ថង់
២-ទូរស័ព្ទម៉ាក oppo ចំនួន០១គ្រឿង
៣-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១
៤-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១
៥-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ អែល វិចិត្រ