រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខបន្ទប់ជួលលេខ258 ផ្លូវលេខ39BT ភូមិសន្សំកុសល២ សង្កាត់បឹងទំនុពទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណី អំពើលួច (កាច់បំបែកសោកលួចយកម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1HO-9651 រួចជិះគេចខ្លួនបាត់។
ដោយការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
សមត្ថកិច្ចបានអោយដឹងថា នៅក្នុងរង្វង់កិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៧នាក់ (ស្រី១) នៅចំណុច បន្ទប់ជួលលេខ1Z ផ្លូវ113 ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូ៤គ្រឿង, អាវុធខ្លី១ដើមគ្រាប់ចំនួន៤គ្រាប់, ដាវ១ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន និងសម្ភារផ្សេងៗមួយចំនួនទៀត។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី៕ មេសា