ខេត្តកណ្តាល៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបុរសជាប្តីបានដឹកប្រពន្ធទាំង២នាក់ធ្វើសកម្មភាពលួច ចំនួន០៧ករណី នៅសង្កាត់កំពង់សំណាញ់០៤ករណី សង្កាត់តាខ្មៅ០៣ករណី ម៉ូតូ០២គ្រឿង កង់១គ្រឿង ក្រុងតាខ្មៅ ខេត្តកណ្តាល ហេតុការណ៍បង្រា្កបនេះនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯកយី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំ លោកវរសេនីយ៍ទោ ហេង សុផាណារិទ្ធ អធិការរងផ្នែកព្រហ្មទណ្ឌ និង កម្លាំងផ្នែកព្រហ្មទណ្ឌ រួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបើកការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ស្រីប្រុស ចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចចំនួន០៧ករណីដកហូតវត្ថុតាងបានម៉ូតូមួយគ្រឿងម៉ាកHondac125សេរី២០២២ពណ៌ខ្មៅ ស្លាកលេខកណ្តាល១v៦៤៦៦(របស់ជនសង្ស័យ) ។
កង់មួយគ្រឿងម៉ាកx-Treme ពណ៌លឿង (របស់ជនរងគ្រោះ) កន្ត្រៃកាត់ដែកធំពណ៌ក្រហមចំនួន០១ដង្កាប់តូចពណ៌ក្រហម០១មេសោចំនួន២(មួយពណ៌លឿងដាក់ស្រយ៉ូវ និងមួយទៀតពណ៌ខ្មៅ)កូនសោលេខ៨មួយ និងតួណឺវីស០១។
ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះចាន់ប៊ុនធឿន បានឆ្លើយសារភាពថាកន្លងមកធ្លាប់ធ្វើសកម្មភាពលួចម៉ូតូគេនិងកង់ជាមួយបក្ខពួក៣នាក់ ប្រពន្ធទាំង២នាក់ ខាងលើ ចំនួន៧ករណីគឺលួចម៉ូតូចំនួន៦ករណី គឺក្នុងសង្កាត់កំពង់សំណាញ់៤ករណីលួចម៉ូតូបាន៤គ្រឿង និងនៅសង្កាត់តាខ្មៅចំនួន៣ករណី ដោយលួចបានម៉ូតូ២គ្រឿងនិងកង់ចំនួនមួយគ្រឿង។ ហើយនៅពេលធ្វើសកម្មភាពលួចម្តងៗគាត់តែងតែធ្វើជាមួយឈ្មោះធឿនធារ៉ាហៅស្រីដា ដែលជាប្រពន្ធទី២ ច្រើនជាងគេ។ ហើយជនសង្ស័យបានបញ្ចាក់ថាម៉ូតូដែលលួចបានគឺយកទៅលក់ឲ្យបុរសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំទន្លេបាទីស្រុកបាទីខេត្តតាកែវ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕ លីណា