មន្ត្រីជាន់ខ្ពស់ខេត្តកណ្តាល បញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ចាត់វិធានការបង្ក្រាប ចំពោះអាជីវកម្មល្បែងផ្សងសំណាង ដែលគ្មានអាជ្ញាបណ្ណ
សន្តិសុខសង្គម
131

ក្នុងឆមាសទី១នេះ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មាន៤ក្រុមហ៊ុនល្បែងស៊ីសង ដែលមានអាជ្ញាបណ្ណ។ បច្ចុប្បន្ននេះនៅតាមរោងកាហ្វេមួយចំនួន មានការលួចលេងល្បែងស៊ីសងខ្លះៗ ដូចជាល្បែងឡូតូ ជល់មាន់ អនឡាញជាដើម ក៏ប៉ុន្តែករណីនេះឲ្យតែកម្លាំងមានសម្ថកិច្ចស្រាវជ្រាវដឹង រឺទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋគឺចុះ អនុវត្តបង្ក្រាបភ្លាមតែម្តង ។​

នៅក្នុងកិច្ចប្រជុំរៀបចំវិធានការបង្ក្រាបចំពោះអាជីវកម្មល្បែងផ្សងសំណាង ដែលគ្មានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ កងកម្លាំងគ្រប់ប្រភេទ មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូប នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បញ្ជាឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ អនុវត្តឱ្យបាននូវវិធានការបង្ក្រាបចំពោះអាជីវកម្មល្បែងផ្សងសំណាងដែលគ្មានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នាននោះ ថ្នាក់ដឹកនាំខេត្តខាងលើ បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធ កំណត់ដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននឹងកំពុងកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅផ្លាស់ប្តូរព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដានត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងគ្រប់ប្រភេទ និងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង ដើម្បីជំរុញអនុលោមភាព និងការទទួល ខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានថ្លែងអំណគុណ និងផ្ដាំផ្ញើ ដល់លោក លោកស្រី ទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់បង្កើនការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងចាត់វិធានការបង្ក្រាប និងទប់ស្កាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព ដើម្បីធានា ដល់ការលើកកម្ពស់ជីវភាពរស់នៅ ភាពសុខសាន្ត និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងជាការរួមចំណែកមួយដ៏ធំក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕

 


Telegram