រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៤ និង ៣០នាទី ទៀបភ្លឺ នៅចំណុចផ្លូវកប់ស្រូវ ស្ថិតនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្រើមួកការពារវាយ និងធាក់ ប្លន់យកម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ០៧នាក់ ជិះម៉ូតូ ០៣គ្រឿង ធ្វើសកម្មភាព ប្រើជើងធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងជិះគ្នា ០២នាក់ បណ្តាលឲ្យដួលម៉ូតូ បន្ទាប់មកក្រុមជនសង្ស័យបានយកមួកការពារសុវត្តិភាព ដេញវាយជនរងគ្រោះ និងគប់ត្រូវខ្នងជនរងគ្រោះ ០១នាក់ លុះពេលជនរងគ្រោះរត់ចោលម៉ូតូរបស់ខ្លួន ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233 ជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះ បំរ៉ុងបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាលចោមចៅទី៣ និងប្រជាពលរដ្ឋដែលនៅទីកន្លែងនោះ ដេញចាប់ឃាត់ខ្លួនបាន ០១នាក់ រីឯជនសង្ស័យផ្សេងទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។
-ជនរងគ្រោះឈ្មោះ អ៊ឹម ហ្គ្រិចឡុង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
+សម្ភារបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233 ។
ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ១១ និង ០០នាទី ថ្ងៃដដែល ចាប់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ទៀត (ជាអ្នកផ្តល់មធ្យោបាយឲ្យជនសង្ស័យប្រព្រឹត្តិបទល្មើស) នៅចំណុច បន្ទប់ជួលលេខ២៥៣ ផ្លូវផ្សាររំចេក ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងបានបន្តការស្រាវជ្រាវរហូតដល់វេលាម៉ោង ២៣ និង ៥០នាទី ថ្ងៃដដែល ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ បន្ថែមទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ០៥នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ផុន ភ័ក្រ្តា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលលេខ២៥១ ផ្លូវបេតុង ស្ថិតនៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
២-ឈ្មោ គង់ សាដូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោ មន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
៤-ឈ្មោ ហួត ដាវី ហៅ វីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន មានទីលំនៅ ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌកំបូល រាជធានីភ្នំពេញ។
៥-ឈ្មោះ តិច លីហួរ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលលេខ២៥៣ ផ្លូវផ្សាររំចេក ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សូមបញ្ជាក់បន្ថែមថា លោកវរៈសេនីយ៍ឯក លី សុខហ៉ី បានទទួលបញ្ជាផ្ទាល់ពី ឯកឧត្តមជួន ណារិន្ទ ជាអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យធ្វើការដឹកនាំកងកម្លាំងនិងសហការជាមួយកម្លាំងសមត្ថកិច្ចទាំង១៤ខណ្ឌ ចុះបង្ក្រាបរាល់បទល្មើសនានា បានសម្រេចជាបន្តបន្ទាប់។
វត្ថុតាងចាប់យកបានម៉ូតូ ០៣គ្រឿង៖
១-ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233 (ជារបស់ជនរងគ្រោះ)
២-ម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០២៤ ពណ៌លឿងលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1KX-2932 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)
៣-ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី ។