អស់រយៈពេល៥ថ្ងៃហើយ ដែលមាសអត់ប្រែប្រួលក្នុងតម្លៃមួយជី ៣០២ ដុល្លារ ចាប់តាំងពីថ្ងៃទីខែ២ កញ្ញា រហូតមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ។
អ្នកជំនាញទីផ្សារមាស បានលើកឡើងអំពីចរឹកមាសថា មាសមុននឹងហក់ឡើងក្នុងតម្លៃជំហានបន្ទាប់តែងតែចុះបន្តិច ឬទ្រឹងបន្តិចសិន ។
សូមរំលឹកថា តម្លៃមាសមុនហក់ឡើងដល់ ៣០០ដុល្លារ ក្នុង១ជី ហើយបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រជាលើកដំបូងកាលពីថ្ងៃទី១៧ ខែសីហា គឺមាសបានចុះមកនៅត្រឹម ២៨៩ដុល្លារ ។
សូមបញ្ជាក់ថា បន្ទាប់ពីបានឡើងលើស ៣០០ដុល្លារ ក្នុង១ជី មាសបានឡើងដល់ ៣០៤ដុល្លារ ហើយក៏ចុះមកនៅទ្រឹងត្រឹម ៣០២ដុល្លារ អស់រយៈពេល៥ថ្ងៃ។
បើតាមអ្នកជំនាញមាសថា នេះជាឱកាសរបស់មាសដែលហាក់ដូចជាត្រៀមខ្លួនដើម្បីហក់ឡើង ។
អ្នកលក់មាសនៅជុំវិញផ្សារធំថ្មីក្រុងភ្នំពេញបានអោយដឹងថា ការប្រែប្រួលតម្លៃមាសនេះ មិនមែនកើតមានតែនៅប្រទេសកម្ពុជានោះទេ គឺជាការប្រែប្រួលតម្លៃមាសនៅលើទីផ្សារអន្តរជាតិ ។
អ្នកជំនាញទីផ្សារមាស បានអោយដឹងថា តម្លៃមាសដែលប្រែប្រួលនេះគឺ ដោយសារការទទួលរងពីឥទ្ធិពល ភូមិសាស្រ្តនយោបាយ សង្រ្គាមនៅអ៊ុយក្រែន សង្រ្គាម នៅអ៊ីស្រាអែល វិបត្ដិសេដ្ឋកិច្ចសកល និងឥទ្ធិពលពីគម្រោងការកាត់បន្ថយពន្ធរបស់ធនាគារកណ្តាលអាមេរិក៕
ប្រភព៖ក្រសួងព័ត៌មាន