បឹងយក្ខឡោម ជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញ និងជានិមិត្តរូបនៃខេត្តរតនគិរី
បឹងយក្ខឡោម ប្រៀបបានរូងមួយដែលហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាដ៏ក្រាស់ បើមើលពីលើអាកាស ។ បឹងនេះ គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល និងទាក់ទាញបំផុតនៅក្នុងខេត្តរតនគិរី ដោយមានចម្ងាយ ៣ ទៅ៤គីឡូម៉ែត្រ ខាងកើតក្រុងបានលុង ។ ប្រវត្តិនៃបឹងនេះ គឺបានកកើតឡើងដោយសារតែភ្នំភ្លើងរលត់ តាំងពីប្រមាណ ៧សែនឆ្នាំកន្លងទៅមកម្ល៉េះ ។ បឹងយក្ខឡោម មានទទឹងប្រមាណ ៨០០ម៉ែត្រ និងមានជម្រៅប្រហែល ៥០ម៉ែត្រ ។ សម្រាប់នៅទីនោះ អ្នកទេសចរអាចកម្សាន្តសប្បាយជាមួយនឹងទឹកថ្លាយង់ អមជាមួយខ្យល់ត្រជាក់សម្រាប់សម្រាកលំហែ ស្លៀកពាក់ឈុតរបស់បងប្អូនជនជាតិដើមដើម្បីថតរូបអនុស្សាវរីយ៍ ក៏ដូចជាអាហារក្នុងតំបន់ និងផលិតផលក្នុងស្រុកធម្មជាតិជាច្រើន ដែលបានដាក់លក់ហូរហែនៅក្នុងរមណីយដ្ឋាន ៕