ឆបោកប្រាក់ពីជនរងគ្រោះជាច្រើន សរុបប្រមាណជាង ៣ម៉ឺនដុលា្លអាមេរិក
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ.ស.រ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាប់ពាក់ព័ន្ធនឹងករណីក្លែងបន្លំជាបុគ្គលិកធនាគារអេស៊ីលីដា ឆបោកប្រាក់ពីជនរងគ្រោះ សរុបប្រមាណជាង ៣ម៉ឺនដុលា្លអាមេរិក ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 ក្រោមការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ខ្លួននិងបក្ខពួក បានក្លែងបន្លំជាបុគ្គលិកធនាគារអេស៊ីលីដា និងបង្កើតគណនីតេឡេក្រាមដោយដាក់អត្តសញ្ញាណធនាគារ រួចធ្វើការទាក់ទងទៅជនរងគ្រោះដែលជាអតិថិជនធនាគារ អេស៊ីលីដា តាមរយៈលេខទូរស័ព្ទ និងបណ្តាញសង្គមតេលេក្រាម ដោយបោកបញ្ឆោតថានឹងទទួលបានកម្រៃជើងសារបន្ថែម រាល់ពេលដែលអតិថិជនប្រតិបត្តិការផ្ទេរប្រាក់ម្តងៗ ទៅតាមការណែនាំរបស់ក្រុមឆបោក ។ ដោយមិនបានពិចារណាឲ្យល្អិតល្អិន ជនរងគ្រោះដែលជាអតិថិជន បានធ្វើតាមការណែនាំរបស់ក្រុមឆបោក និងបានផ្ទេរប្រាក់ រួមជាមួយលេខកូដដកប្រាក់ទៅឲ្យក្រុមឆបោកដោយមិនដឹងខ្លួន ។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់គណនីធនាគារទាំងអស់
សូមមេត្តាប្រុងប្រយ័ត្នជនឆបោក ដែលតែងតែព្យាយាមទំនាក់ទំនងទៅលោកអ្នកតាមគ្រប់មធ្យោបាយ ដោយជូនដំណឹងថា លោកអ្នកទទួលបានទឹកប្រាក់ពីការប្រើប្រាស់សេវាកម្ម ឬកម្មវិធី Mobile App របស់ធនាគារ ហើយបានតាំងខ្លួនជាបុគ្គលិកធនាគារ ដោយពុំបានបង្ហាញពីអត្តសញ្ញាណ ឬប្រភពច្បាស់លាស់ ដើម្បីអូសទាញលោកអ្នក ឱ្យប្រាប់ពីលេខគណនី ចំនួនទឹកប្រាក់ លេខសម្ងាត់ ឬលេខ OTP ជាដើម ក្នុងបំណងទុច្ចរិត។