ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ ណែនាំដល់យុវជនយុវតីគ្រប់រូបកុំប្រើប្រាស់ និងប៉ះពាល់ បារីអេឡិចត្រូនិក
សន្តិសុខសង្គម
132

ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤-- លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី “បិទកម្មវិធីអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិកលើសុខភាព” ដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ។

គោលបំណងនៃកម្មវិធីនេះ គឺចង់ឱ្យសិក្ខាកាមដែលជាសមាជិកាសកម្ម សមាជិកគាំទ្រ សមាគមកាយឫទ្ធិនារីកម្ពុជា បានយល់ដឹងពីនិយមន័យ និងចំណាត់ថ្នាក់គ្រឿងញៀន យល់ដឹងពីកត្តាជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន យល់ដឹងពីបារីអេឡិចត្រូនិក និងផលប៉ះពាល់ និងការយល់ដឹងពីវិធានការបង្ការ និងទប់ស្កាត់។

លោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានលើកឡើងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា តែងតែគិតគូរអំពីសុខទុក្ខ និងសេចក្តីនឹករលឹក គ្រប់ពេលវេលា គ្រប់ទីកន្លែង ស្របតាមបុព្វហេតុរួម គឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា”។ ការរៀបចំកម្មវិធីអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចលើសុខភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញនាពេលនេះមានគោលបំណង បញ្ជ្រាបការយល់ដឹងជាសាធារណៈជូនដល់ក្មួយៗសិស្សានុសិស្ស ក្មួយៗ កុមារី-យុវតី និងកាយឫទ្ធិនារីកម្ពុជា សម្រាប់ជាចំណេះដឹងបន្ថែមអំពី ផលប៉ះពាល់ និងគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់ផលិតផលនេះ ព្រមទាំងវិធីសាស្ត្រថ្មីៗក្នុងការទប់ស្កាត់ការប្រើប្រាស់ និងចែកចាយ ពិសេសត្រូវរួមគ្នាផ្សព្វផ្សាយបន្តទៅដល់ក្រុមគ្រួសារសាច់ញាត្តិ និងមិត្តភក្តិ ដើម្បីកុំអោយអ្នកទាំងនោះ ប្រើប្រាស់ឧបករណ៍ទាំងនេះ។

ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette) បាន និងកំពុងរីករាលដាលក្នុងចំណោមយុវវ័យនៃបណ្តាប្រទេសក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដោយពួកគេផ្តើមចេញពីការសាកល្បងប្រើប្រាស់តៗគ្នា និងនិយមប្រើប្រាស់បង្អួត ភាពសង្ហាទាន់សម័យ រហូតមានយុវជនខ្លះ ឈ្លក់វង្វេងប្រើប្រាស់ បោះបង់ ចោលការសិក្សា បង្កហានិភ័យដល់គ្រួសារ និងសង្គមជាតិគួរឱ្យព្រួយបារម្ភ។

លោកជំទាវបន្តថា ក្មួយៗ ត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬ ការប្រើប្រាស់ឧបករណ៍ទាំងនេះ ទោះបីមានការបង្ខំ ឬអូសទាញពីជនណាក៏ដោយ។ ការប្រើប្រាស់ឧបករណ៍ទាំងនេះ មិនត្រឹមតែបានធ្វើ ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ក្មួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើខុសច្បាប់ ដែលត្រូវប្រឈមមុខ នឹងទោសពន្ធនាគារ ថែមទៀតផង និងសូមនាំយកនូវព័ត៌មាន និងចំណេះដឹងទាំងឡាយ ដែលខ្លួនទទួលបាន ក្នុងកម្មវិធីនេះ ទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ សាច់ញាត្តិ និងមិត្តភក្តិ ជាពិសេសយុវវ័យដទៃទៀតក្នុង សហគមន៍ដែលក្មួយៗកំពុងរស់នៅ ដើម្បីយើងរួមគ្នាឈានទៅលុបបំបាត់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ចេញពីសង្គមជាតិយើង។ ត្រូវរួមគ្នាឃាត់ទុក ឬរាយការណ៍ ប្រសិនបើយើងបាន ឃើញការចរាចរណ៍ ការជួញដូរ និងការប្រើប្រាស់បារីអេឡិចត្រូនិក តាមគ្រប់រូបភាព ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕


Telegram