រតនគិរី៖ ពិតជាទង្វើដ៍គម្រក់មែន ខណៈជនសង្ស័យជាឪពុកចុង ចិត្តទមិឡ បានចាប់រំលោភកូនតូចៗរបស់ប្តីដើម បានសម្រេច១០ដងឯណោះ ទើបតែបែកការណ៍ដឹងដល់ម្តាយមីង នាំក្មួយទៅពិនិត្យនៅពេទ្យ រួចក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនឪពុកចុងនេះ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅភូមិអុលធំ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។
បើតាមរបាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ថា កម្លាំងអធិការក្រុងបានលុង សហការជាមួយអធិការស្រុកលំផាត់ឃាត់ខ្លួនជនសង្ស័យជាឪពុកចុងឈ្មោះ សាន សុឃីម អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិ២(វីឡាកាត់) សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករ ត្រូវជាឪពុកចុង របស់ក្មេងស្រីរងគ្រោះ ២នាក់បងប្អូន ឈ្មោះ ថ.ហ អាយុ៩ឆ្នាំ និងឈ្មោះ ថ.ស.រ អាយុ៨ឆ្នាំ ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ជនសង្ស័យជាឪពុកចុងរូបនេះ បានចាប់រំលោភកូននៅឯកន្លែងស៊ីឈ្នួលដកដំឡូង ពេលដែលម្តាយនាងមិននៅ ។ ក្រោយរំលោភរួច ក្មេងស្រីរងគ្រោះបានដឹកដៃគ្នាដើរមកផ្ទះ ទាំងសភាពលំបាកក្នុងខ្លួន ទើបម្តាយមីងសួរនាំទាល់តែបែកធ្លាយរឿង ក៏នាំក្មួយទៅពិនិត្យនៅមន្ទីរពេទ្យ ហើយប្តឹងលោកនាយប៉ុស្ដិ៍កាចាញ នាំក្មេងមកប៉ុស្ដិ៍ រួចដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យតែម្ដង។
ពេលនេះ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការក្រុងបានលុង ដោយសមត្ថកិច្ចកំពុងសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ផ្តន្ទាទោសតាមច្បាប់ ៕